ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា
(បាត់ដំបង)៖ ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃនិងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៥) នៅមុខផ្សារស្រុកគាស់ក្រឡ។
ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ៥៥០នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍បន្ថែមថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាពនិងការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុង្គឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នាសូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាប។
ឯកឧត្តមបានបន្តថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាយើងបាននិងកំពុងឈរជើងយ៉ាងរឹងមាំក្នុងភាពជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ ការអភិវឌ្ឍប្រទេសជាតិក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេពកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ឱ្យកាន់តែល្អប្រសើរ។
តាមរយៈនៃអង្គមិទ្ទិញនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសដល់ក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រើប្រាស់អំពើហិង្សា បងតូច បងធំ នៅក្នុងសង្គម ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្ស៕
ដោយ ៖ គ្រី សម្បត្តិ