អ៊ីរ៉ង់ធ្វើសមយុទ្ធយោធានៅជិតទីតាំងនុយក្លេអ៊ែរ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃអង្គារថា យោធាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធ នៅជិតរោងចក្រចម្រាញ់នុយក្លេអ៊ែរ Natanz នៅកណ្តាល ប្រទេស។

សមយុទ្ធ ដែលត្រូវបានគេហៅថា Eqtedar ឬ មានន័យថា «អាច» មានការចូលរួមពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ហៅកាត់ IRGC ដែលជាសាខាមនោគមវិជ្ជា នៃយោធាអ៊ីរ៉ង់ ធ្វើការហាត់សម រួមជាមួយនឹងកងទ័ពអ៊ីរ៉ង់។

ទូរទស្សន៍រដ្ឋ បាននិយាយថា «ដំណាក់កាលដំបូង នៃសមយុទ្ធ Eqtedar រួមគ្នា នៅក្នុងតំបន់ការពារដែនអាកាស នៃរោងចក្រនុយក្លេអ៊ែរ Natanz បានចាប់ផ្តើម ក្រោមការបញ្ជារបស់មេបញ្ជាការ ទីបញ្ជាការការពារដែនអាកាស»។

ប្រភពបានបន្ថែមថា កងកម្លាំងអាកាស IRGC កំពុងអនុវត្ត «ការការពារចំណុចទាំងអស់» នៃទីតាំងប្រឆាំងនឹងការគំរាមកំហែង តាមអាកាសជាច្រើន នៅក្នុងលក្ខខណ្ឌសង្គ្រាមអេឡិចត្រូនិក ដ៏លំបាក»។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់ IRGC លោក Ali Mohammad Naini បាននិយាយថា សមយុទ្ធដែលនឹងគ្របដណ្តប់ផ្នែកផ្សេងទៀត នៃប្រទេសអ៊ីរ៉ង់ នឹងបន្តរហូតដល់ពាក់កណ្តាលខែមីនា ហើយសមយុទ្ធនេះ កំពុងត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែងសន្តិសុខថ្មី» ដោយមិនបានបញ្ជាក់លម្អិត។

លោកបានបន្ថែមថា សាខាជាច្រើននៃ IRGC រួមទាំង កងទ័ពជើងទឹក និង កងកម្លាំងប៉ារ៉ាហ្គារី Basij ក៏នឹងចូលរួម ក្នុងសមយុទ្ធនេះ ផងដែរ។

អ៊ីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺ សម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយ បដិសេធរាល់ចេតនា ក្នុងការអភិវឌ្ឍអាវុធបរមាណូ។ ប៉ុន្តែ
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA បាននិយាយថា ប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ បានបង្កើនការផលិតអ៊ុយរ៉ានីញ៉ូម ដែលត្រូវចម្រាញ់ ហើយអ៊ីរ៉ង់គឺជារដ្ឋតែមួយគត់ដែលថា មិនមានអាវុធនុយក្លេអ៊ែរ តែមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដល់ទៅ៦០ភាគរយ ហើយ កំពុងឈានទៅដល់៩០ភាគរយ ដែលត្រូវការ សម្រាប់គ្រាប់បែកបរមាណូ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner