ឆ្នាំ២០២៤ GDP របស់ប៉ាឡេស្ទីនដាំក្បាលចុះយ៉ាងគំហុក
រ៉ាម៉ាឡា ៖ ក្រសួងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប៉ាឡេស្ទីន បានធ្លាក់ចុះ ២៨ភាគរយ ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៥១ភាគរយក្នុងឆ្នាំ ២០២៤។
ក្រសួងសេដ្ឋកិច្ចប៉ាឡេស្ទីន បានបញ្ជាក់ថា សេដ្ឋកិច្ចប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងភាពតក់ស្លុតដែលមិនធ្លាប់មានពីមុនមក ដោយសារសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការកាត់មូលនិធិពន្ធ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ GDP។ ទន្ទឹមគ្នា ក្រសួងបន្ថែមថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប៉ាឡេស្ទីន និងប្រទេសដទៃក៏បានធ្លាក់ចុះ ១១ភាគរយក្នុងឆ្នាំ ២០២៤ផងដែរ។
ចំពេលមានការលុកលុយរបស់យោធាអ៊ីស្រាអែលម្តងហើយម្តងទៀត ការបំផ្លិចបំផ្លាញជាប្រព័ន្ធនៃហេដ្ឋារចនាសម្ព័ន្ធ, ការរឹតបន្តឹងលើចលនាមនុស្ស និងទំនិញ រួមទាំងការបិទច្រកឆ្លងកាត់ទាំងអស់ជាមួយហ្កាហ្សា ធ្វើឲ្យហ្កាហ្សាបានមើលឃើញពីការដួលរលំ នៃសកម្មភាពសេដ្ឋកិច្ចទាំងអស់ ចំណែកតំបន់ West Bank ក៏ជួបប្រទះបញ្ហានេះផងដែរ។ ដែលនេះបានសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា