អ៊ីរ៉ង់ថ្កោលទោសអាមេរិកដែលគំរាមវាយប្រហារទីតាំងនុយក្លេអ៊ែរខ្លួន
តេហេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសការបោះពាក្យសម្តីរបស់មន្ត្រីសេតវិមាននាពេលថ្មីៗ អំពីលទ្ធភាពដែលសហរដ្ឋអាមេរិកនឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានហៅការគំរាមនេះថា ជា “ការគំរាមកំហែងប្រឆាំងសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោក Baghaei បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបង្ហាញជូនប្រធានាធិបតីអាមេរិក លោក Joe Biden នូវជម្រើសវាយប្រហារដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន Axios។
លោក Baghaei បន្តថា ការកត់សម្គាល់របស់ លោក Sullivan គឺជាការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសមួយផ្សេងទៀត។
លោក Baghaei បន្ថែមថា ទាំងរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ, បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ។
បើតាមការអះរបស់អ៊ីរ៉ង់ សកម្មភាព នុយក្លេអ៊ែរ របស់ ខ្លួន គឺដើម្បីរក្សាសន្តិភាព និង និងមានគោលបំណងចម្បង លើ ការ ផលិត ថាមពល និងនិងផលិតឱសថវិទ្យុសកម្ម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា