សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកដំណាំស្រូវ នៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាន នូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំង ជំរុញ ការផ្សព្វផ្សាយអំពី ការ វិវឌ្ឍ រីកចម្រើន នៃផលិត កម្ម ស្រូវ អង្ករ កម្ពុជា ឱ្យ បាន ទូលំទូលាយ ៕
ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ

