ឧកញ៉ា អ៊ុក សារ៉ែន ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ ជាការបោះជំហានពង្រីកធនធានគ្រូបង្វឹក
(ភ្នំពេញ)៖ លោក ឧកញ៉ា អ៊ុក សារ៉ែន អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានថ្លែងគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ ដែលមានសិក្ខាកាមមកពីរាជធានីខេត្តចូលរួម៨ ដែលបានបិទបញ្ចប់ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២នេះ គឺជាការបោះជំហានឈានទៅពង្រីកធនធានគ្រូបង្វឹកកីឡាគុនដាវនៅកម្ពុជាឱ្យកាន់តែមានចំនួនច្រើន ។

លោក ឧកញ៉ា បានអះអាងថា គ្រូបង្វឹកបានរីកដុះដាលច្រើននៅគ្រប់រាជធានីខេត្ត ធនធានកីឡាករកីឡាការិនីឆ្នើមៗក៏សម្បូរដែរសម្រាប់ការជ្រើសរើសជាកីឡាករកីឡាការិនីតំណាងជាតិប្រកួតនៅលើឆាកអន្តរជាតិ ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោក ឧកញ៉ា សង្ឈឹមជឿជាក់ថា ចំណេះជំនាញដែលចែករំលែកដោយគ្រូជប៉ុន សិក្ខាកាមនិងយកទៅប្រើប្រាស់ចែករំលែកនៅតាមបណ្តាក្លឹបប្រកបដោយគុណភាព និងរួមផលិតបានធនកីឡាករកីឡាការិនីល្អៗបានច្រើនសម្រាប់សហព័ន្ធ ដើម្បីយកមកហ្វឹកហាត់បំប៉នក្លាយជាអត្តពលិកឆ្នើមរបស់កម្ពុជាប្រជែងនាំយកមេដាយពីការប្រកួតកម្រិតអន្តរជាតិមកជូនកម្ពុជា។

លោកឧកញ៉ា អ៊ុក សារ៉ែន បន្ថែមថា ក្រៅពីវគ្គបណ្តុះបណ្តាលថ្នាក់ជាតិនេះ សិក្ខាកាមទាំងអស់ ក៏មានឱកាសទៅចូលរួមវត្តបណ្តុះបណ្តាលត្រូវធ្វើកកម្រិតអាស៊ី និងអន្តរជាតិផងដែរ។ ក្នុង១ឆ្នាំ យើងមានវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដែលរៀបចំដោយសហព័ន្ធកីឡាគុនដាវអន្តរជាតិចំនួន៣ដង, សហព័ន្ធកីឡាគុនដាវអាស៊ី ៣ដង និងវគ្គសាមគ្គីអូឡាំពិកចំនួន ២ដង ។

តាងនាមសហព័ន្ធកីឡាគុនដាវកម្ពុជា លោកឧកញ៉ា អ៊ុក សារ៉ែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធបន្តការអភិវឌ្ឍ និងនិរន្តរភាពរបស់ខ្លួន ហើយថ្លែងអំណរគុណ ដល់លោក Takashi Kuwahata ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកចំណេះដឹង និងបទពិសោធដល់សិក្ខាកាមរស់យើង ។

យោងតាមការបញ្ជាក់ ពីលោក សុខ អាង អគ្គលេខាធិការ សហព័ន្ធកីឡាគុនដាវ បានឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនដាវ កម្រិត១ ដែលសហព័ន្ធរៀបចំក្រោមការឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡានេះ ជាវគ្គមួយដែលបណ្តុះបណ្តាលឱ្យគ្រូបង្វឹកស្គាល់អ្វីទៅជាកីឡាគុនដាវ មានន័យថា គ្រូបង្វឹកភាគច្រើនជាគ្រូថ្មីៗ ហើយគ្រូៗទាំងអស់និងយកមូលដ្ឋានគ្រឹះទទួលបានពីវគ្គនេះទៅបណ្តុះបណ្តាលដល់កីឡាករថ្នាល ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលគ្រូបង្វឹកនេះត្រូវបានបែងចែកជា៤កម្រិត គឺកម្រិត១ មូលដ្ឋានគ្រឹះនៃកីឡាគុនដាវ និងការចាប់ផ្តើមហ្វឹកហាត់, កម្រិត២ ផែនការហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួត, កម្រិត៣ ការរៀបចំការប្រកួត និងការជួសជុលសម្ភារ និងឧបករណ៍គុនដាវ និងកម្រិត៤ គឺអាជ្ញាកណ្តាលកីឡាគុនដាវ ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ



