ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងសាកបញ្ជូនបុគ្គលិកឲ្យទៅរស់នៅទីក្រុងឆ្លាតវៃ

តូក្យូ ៖ ក្រុមហ៊ុនផលិតឡានដ៏ល្បីល្បាញរបស់ជប៉ុន Toyota ត្រៀមបញ្ជូនអ្នកស្រុក ១០០នាក់ដំបូងទៅរស់នៅទីក្រុងអនាគតដ៏ទំនើបបំផុត ដែលសាងសង់ឡើងនៅលើទឹកដី នៃអតីតរោងចក្រផលិតឡានរបស់ខ្លួន ស្ថិតនៅជាប់នឹងជើងភ្នំ Fuji ប្រទេសជប៉ុន នារដូវស្លឹកឈើជ្រុះនេះ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាតើគម្រោងនេះត្រូវចំណាយលុយអស់ប៉ុន្មានទេ។

ក្រុមហ៊ុន Toyota បានគូសបញ្ជាក់ថា ប្រជាជនដំបូងគេដែលនឹងទៅរស់នៅទីក្រុងអនាគត Woven ភាគច្រើនជាបុគ្គលិកផ្ទាល់របស់ Toyota និងក្រុមគ្រួសាររបស់ពួកគេ ហើយគ្រោងនឹងបញ្ជូនបន្ថែមប្រហែល ២,០០០នាក់ ដែលជាផ្នែកនៃដំណាក់កាលដំបូងរបស់ Toyota។ ទីក្រុង Woven ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧០ហិកតា សម្រាប់មនុស្សប្រមាណ ២,០០០នាក់រស់នៅ ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ដែលបានមកពីថាមពលអ៊ីដ្រូសែន។

រចនាដោយស្ថាបត្យករដាណឺម៉ាកឈ្មោះ Bjarke Ingels គម្រោងទីក្រុងអនាគតរបស់ Toyota នឹងក្លាយជាកន្លែងមួយសម្រាប់មនុស្សជាតិ ក្នុងការសាកល្បង ការរចនាទីក្រុងឆ្លាតវៃទំនើបចុងក្រោយបង្អស់ ដែលរួមមានយានយន្តបើកខ្លួនឯង, បច្ចេកវិទ្យាគេហដ្ឋានឆ្លាតវៃ, បច្ចេកវិទ្យាមនុស្សយន្ត និង ផលិតផលចល័តស្វ័យប្រវត្តិជាច្រើនទៀត។

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅពិព័រណ៌បច្ចេកវិទ្យា CES ក្នុងទីក្រុង Las Vegas ថា ទីក្រុង Woven នឹងក្លាយជាតំបន់ពិតជាក់ស្ដែង ដែលមានប្រព័ន្ធត្រួតពិនិត្យពេញ អាចអនុញ្ញាតិឲ្យអ្នកស្រាវជ្រាវ វិស្វករ និង អ្នកវិទ្យាសាស្រ្ត មានឱកាសសាកល្បងនូវបច្ចេកវិទ្យារបស់ខ្លួនដោយសេរី មិនថាប្រព័ន្ធស្វ័យប្រវត្តិ, ឧបករណ៍ចល័ត, បច្ចេកវិទ្យាឆ្លាតវៃ ឬបញ្ញាសិប្បនិម្មិត (AI) នោះទេ។

លោក Akio Toyoda បន្ថែមថា ក្នុងទីក្រុងថ្មីនេះ នឹងមានផ្លូវថ្នល់ចំនួន ៣ ប្រភេទខុសៗគ្នា។ ប្រភេទទីមួយ ជាផ្លូវសម្រាប់ឡានបើកខ្លួនឯង ដែលមិនបញ្ចេញសារធាតុកាបូន។ ទី២ ជាផ្លូវសម្រាប់ឧបករណ៍ធ្វើដំណើរចល័តផ្ទាល់ខ្លួន និងជាផ្លូវថ្មើរជើង ចំណែកជាទី៣ ជាផ្លូវសម្រាប់ឧបករណ៍ស្វ័យប្រវត្តិ “Toyota e-Palettes” ប្រើប្រាស់ក្នុងការដឹកជញ្ជូន។

ប្លង់មេនៃគម្រោង Woven បង្ហាញពីគំរូនៃផ្សារទំនើប, មជ្ឈមណ្ឌលកម្សាន្ត និងគេហដ្ឋានឆ្លាតវៃ ដែលសុទ្ធសឹងតែប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ និង បញ្ញាសិប្បនិម្មិត (AI)។ ផ្ទះភាគច្រើនសាងសង់ឡើងពីឈើ ហើយនៅជុំវិញនោះ មានសួនដាំបន្លែ និងរុក្ខជាតិ ដោយប្រើប្រាស់បំពង់ទឹក (hydroponics)៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner