១០ ឆ្នាំទៀត AI នឹងលេបត្របាក់ការងារជាង ៣០ភាគរយនៅម៉ាឡេស៊ី
គូឡាឡាំពួរ ៖ យោងតាមការព្យាកររបស់រដ្ឋាភិបាលម៉ាឡេស៊ី បានបង្ហាញថា ជាង ៣០%នៃការងារនៅក្នុងប្រទេសម៉ាឡេស៊ី នឹងរងផលប៉ះពាល់ពីបញ្ញាសិប្បនិមិត្ត (AI) ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្នុងនោះវិស័យសំខាន់ៗ មានដូចជាផលិតកម្ម, សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលរំពឹងថា នឹងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Chang Lih Kang បាននិយាយថា យោងតាមស្ថិតិបានបង្ហាញថា បុគ្គលិកជាង ៦០០,០០០នាក់ ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញឡើងវិញក្នុងរយៈពេលពី ៣ទៅ៥ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
លោក Chang បានគូសបញ្ជាក់ថា កម្លាំងពលកម្មរបស់ម៉ាឡេស៊ីត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងការផ្លាស់ប្តូរទាំងនេះ ដោយសារដំណើរការបង្កើនជំនាញ និងចំណេះដឹងកាន់តែមានសារៈសំខាន់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងបច្ចេកទេស ដូច្នេះម៉ាឡេស៊ីអាចរក្សាការប្រកួតប្រជែងជាសកល និងបំពេញតម្រូវការដែលកំពុងកើនឡើងនៃឧស្សាហកម្មនេះ។
ទន្ទឹមគ្នា រដ្ឋាភិបាលកំពុងធានាយ៉ាងសកម្មថា ការបណ្តុះបណ្តាលដែលផ្តល់ជូនបុគ្គលិក គឺស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការនៃឧស្សាហកម្ម 4.0 ក្នុងនោះក៏រួមបញ្ចូលទាំងវគ្គសិក្សាផ្នែកសន្តិសុខតាមអ៊ីនធឺណិត, ការគ្រប់គ្រងប្រព័ន្ធឆ្លាតវៃ និងការវិភាគទិន្នន័យ។
ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថា នឹងត្រូវការបុគ្គលិកជំនាញចំនួន ៥០០,០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣០ ដើម្បីបំពេញតម្រូវការនៃវិស័យបច្ចេកវិទ្យា និងបច្ចេកទេស។ តួលេខនេះបានបង្ហាញពីតម្រូវការបន្ទាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូហ្វឹកហ្វឺន និងវិញ្ញាបនប័ត្រប្រកបដោយប្រសិទ្ធភាព៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា