កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក ។

លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្តជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកស្រី Joyce Neal ប្រធាន US-CDC បានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការបន្ត និងជម្រាបជូនជាពិសេសថា ជោគជ័យលើការគ្រប់គ្រងជំងឺ H5N1 គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ក៏ដូចជា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា(US-CDC)ហើយការងារនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សភាសហរដ្ឋអាមេរិក” ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា “កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុតក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner