សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលត្រូវរក្សាឱ្យបាន
(ខេត្តបន្ទាយមានជ័យ)៖ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលត្រូវរក្សាឱ្យបាន ព្រមទាំងការគិតគូរអតីតយុទ្ធជនទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសើរ មានផ្ទះរស់នៅសុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលើកទឹកចិត្ត និងជាអំណោយនូវការតស៊ូរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងដូចនេះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឌិត ទីណា បាននាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្ញើជូនបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ លះបង់ តស៊ូ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។
ពាក់ព័ន្ធនឹងសំណើរបស់អតីតយុទ្ធជន ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកនូវការស្នើសុំគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺពេលមានអាសន្ន ដោយត្រូវត្រួតពិនិត្យលទ្ធភាព និងទីតាំងឱ្យបានច្បាស់លាស់ និងស៊ីជម្រៅជាមុន ដើម្បីដោះស្រាយសំណើនេះចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន ផ្ទះសម្រាប់រស់នៅ គ្រឿងបរិភោគ និងថវិកាសម្រាប់ប្រើប្រាស់ចំនួន ៣៣០គ្រួសារ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម