ឥណ្ឌូនេស៊ីរឹតបន្តឹងស្តង់ដារសំណង់លំនៅឋាន ដើម្បីកាត់បន្ថយហានិភ័យពេលកើតមានរញ្ជួយដី
ហ្សាការតា ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងលំនៅដ្ឋានសាធារណៈ និងការតាំងទីលំនៅរបស់ឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងរឹតបន្តឹងស្តង់ដារសំណង់លំនៅដ្ឋានទូទាំងប្រទេស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដែលអាចកើតមាន។
អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានសាធារណៈ និងការតាំងទីលំនៅឥណ្ឌូនេស៊ី លោក Fahri Hamzah បានប្រាប់អ្នកយកព័ត៌មានថា ការអភិវឌ្ឍន៍លំនៅដ្ឋាននាពេលអនាគត នឹងតម្រូវធ្វើឱ្យធន់នឹងគ្រោះរញ្ជួយដី។
ដោយជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសចំនួន៣៥ ដែលប្រឈមមុខនឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ឥណ្ឌូនេស៊ីកំពុងត្រៀមខ្លួនយ៉ាងសកម្មទប់ទល់នឹងគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ ដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។
កាលពីខែកញ្ញាឆ្នាំមុន ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានប្រកាសថា គ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ ទំនងជានឹងកើតឡើងនៅក្នុងតំបន់ចំនួនពីរ មានដូចជាច្រកសមុទ្រ Sunda និងជុំវិញកោះ Mentawai-Siberut។ តំបន់ទាំងពីរត្រូវបានគេស្គាល់ថា ជាតំបន់ដែលងាយនឹងកើតមានគ្រោះរញ្ជួយដីនៅក្នុងមហាសមុទ្រឥណ្ឌា។
ឥណ្ឌូនេស៊ីមានកោះច្រើនជាង ១៧,០០០កោះ
និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មចំនួន ១២៧ភ្នំភ្លើង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា