ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ អាជ្ញាធរ ដែលបាន ការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អ ក្នុងព្រឹត្តិការណ៍ធំៗកន្លងមក

(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមក ។

ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីតំណាង ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ក្រោយពិធីបុណ្យធំៗចប់យើងឃើញថាទីក្រុងស្អាតមានបរិស្ថានល្អលែងមានសំរាមតាមផ្លូវនិងទីសាធារណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន បំពេញការងារកាន់តែល្អបន្តទៀត។

ឯកឧត្ដម កើត ឆែ បន្តទៀតថា ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទំលាក់ការងារចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀត នោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ អនឡាញនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។

ឯកឧត្ដម បញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.)នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ ។

គួរបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ក្នុងនោះរួមមាន៖ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែន សុខ ត្រូវបានតែងតាំងឱ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនិងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់ មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner