វាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ផ្តោតខ្លាំងលើយុវជន
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នឹងរៀបចំការប្រកួតផ្លូវការរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៧ ខែ មករា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនបាល់ពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ជា ពៅ អគ្គលេខាធិការង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា ជើងឯកឆ្នាំ២០២៤នេះ តាមគម្រោងសហព័ន្ធគ្រោងរៀបចំក្នុងអំឡុងចុងឆ្នាំ២០២៤កន្លងទៅ ប៉ុន្តែដោយសារតែជាប់រវល់រៀបចំការប្រកួតយុវជនអន្តរជាតិ ទើបការប្រកួតបានពន្យាពេលមកដល់ឆ្នាំ២០២៥។
អគ្គលេខាធិការរងរូបនេះ បានអះអាងទៀតថា ការប្រកួតនេះ ចំនួនកីឡាករកីឡាការិនីចូលរួមពីបណ្តាក្លឹបរាជធានី-ខេត្តចូលរួមនឹងមានចំនួនកើនឡើង ខណៈដែលបណ្តាក្លឹបនឹងបញ្ជូនកីឡាករកីឡាការិនីមកចូលរួមដើម្បីប្រជែងកៅអីជម្រើសជាតិឆ្នាំ២០២៥ ដែលប្រមូលផ្តុំហ្វឹកហាត់ដោយក្រសួងអប់រំយុវជននិងកីឡា។
លោក អគ្គលេខាធិការរង បានគូសបញ្ជាក់បន្ថែមទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ សហព័ន្ធមានទិសដៅសម្រួចខ្លាំងលើកីឡាករយុវជនក្រោមអាយុ១៨ឆ្នាំ មានន័យថា សហព័ន្ធនឹងចម្រាញ់យកយុវជនឆ្នើមៗត្រូវស្តង់ដារបច្ចេកទេស ដើម្បីយកមកដុះខាត់សម្រួចត្រៀមស៊ីហ្គេម នៅថៃ ឆ្នាំ២០២៥ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោក ជា ពៅ បានអំពាវនាវសុំឱ្យបណ្តាក្រុមហ៊ុនឯកជនចូលរួមឧបត្ថម្ភគាំទ្រជាដៃគូជាមួយសហព័ន្ធ រៀបចំព្រឹត្តិការណ៍នេះបានកាន់តែធំ ដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីកាន់តែមានកម្លាំងចិត្តប្រកួតប្រជែង ពិសេស រួមចំណែកនៅក្នុងការជម្រុញអភិវឌ្ឍវិស័យកីឡាជាតិ។
លោក ជា ពៅ បានស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមទស្សនាការប្រកួតជើងឯកថ្នាក់ជាតិឱ្យបានក្រើនកុះករ ជាការចូលរួមគាំទ្រលើកទឹកចិត្តចំពោះកីឡាករជាតិ មានការគាំទ្រ គឺធ្វើឱ្យកីឡាជាតិរីកចំរើន។
សូមជម្រាបថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ នឹងធ្វើចាប់ពីថ្ងៃទី១៤ដល់១៧ ខែ មករា ឆ្នាំ២០២៥ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា មានដូចជា វិញ្ញាសា ប្រកួតឯកក្តជនបុរស វិញ្ញាសាប្រកួតវាយឯកក្តជននារី វិញ្ញាសាប្រកួតវាយគូបុរស និងប្រកួតវិញ្ញាវាយគូចម្រុះបុរសនារី៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ