វិញ្ញាបណ្ណបត្រ កាន់កាប់ដីធ្លីស្របច្បាប់ ៣២៥៣ប័ណ្ណ ចែកជូនប្រជាពលរដ្ឋនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ បន្ទាប់ពីក្រុមមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានខិតខំកែតម្រូវយ៉ាងសស្រាក់សស្រាំ និង យ៉ាងម៉ត់ចត់លើការងារបច្ចេកទេស រួមមានការងារកំណត់ព្រំ វាស់វែង និងការកែតម្រូវក្បាលដីបានបញ្ចប់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិម័ល ចំនួន ៣២៥៣ប័ណ្ណ ដែលការផ្តល់វិញ្ញាបណ្ណបត្រ កាន់កាប់ដីធ្លីស្របច្បាប់នេះបានធ្វើឡើង នៅបរិវេណសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកស្រី ព្រំ គន្ធា អនុប្រធានក្រុមចុះបញ្ជីប្រចាំខណ្ឌដង្កោ បានឱ្យដឹងថា ជាលទ្ធផលដែលគណកម្មការរដ្ឋបាល បានលើកសំណើផ្តល់សិទ្ធលើដីធ្លី រឺ ផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អលចនវត្ថុ ជូនមានចំនួន ៣២៥៣ប័ណ្ណ ស្មើនឹង ៦៥ភាគរយ នៃក្បាលដីសរុបក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោនេះ។
ក្នុងឱកាសនោះដែរ អនុប្រធាននៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ លោក ប៊ិន ស៊ូឈី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ យោគយល់អធ្យាស្រ័យគ្នា ដើម្បីឱ្យដំណើការនៃការចុះបញ្ជី បានទៅដោយរលូន និងឈានដល់ការចែកបណ្ណនាពេលនេះ ។
លោកបន្តថា លទ្ធផលខាងលើនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមន្ត្រីជំនាញ ដែលបានសហការយ៉ាងយកចិត្ត ទុកដាក់ ជាមួយមេភូមិ ព្រឹទ្ធាចារ្យភូមិ ដោយមានការជ្រោមជ្រែង ទំនាក់ទំនងល្អ ពីសំណាក់ សាលារាជធានីភ្នំពេញ គណៈអភិបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងការចូលរួមទាំងសស្រាក់សស្រាំ អំពីបងប្អូន ប្រជាពលរដ្ឋជាម្ចាស់ដី ផង នោះ ទើបក្រុមរបស់នាងខ្ញុំ អាចដំណើរការទៅបានដោយរលូន និងបានសំរេចតាមផែនការដែលបានគ្រោងទុក។ លោកអនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមថែរក្សានិងទុកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងខូចឬបាត់ ។
អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានមានប្រសាសន៍ថា ចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានគិតគូរ និងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិត្រឹមត្រូវស្របទៅតាមច្បាប់ ហើយវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
លោកស្រីបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយឱ្យមន្រ្តី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ