សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សែន ក្នុងការធ្វើច្បាប់ភេរវកម្មដាក់ក្រុមប្រឆាំងជ្រុលនិយមជាភេរវករ
ភ្នំពេញ៖ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានឱ្យដឹងថា សម្ព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានមានប្រសាសន៍បញ្ជាក់ថា ដល់ពេលដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។
លោកបានបន្តថា នេះជាលើកទី២ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងភេរវកម្ម ភេរវករ ភេរវជន ចំពោះជន ឬក៏ក្រុមទាំងឡាយណាដែលធ្វើឱ្យសង្គមជាតិខ្មែរមានភាពវឹកវរជាដើម។ ក៏ប៉ុន្តែនៅមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅតែមិនភ្ញាក់រលឹក និងបន្តញុះញង់បំផុសគំនិតឱ្យមានការរើសអើង ឱ្យមានការបះបោរដោយចង់សាកសល្បងអំពីការដឹកនាំរបា់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្រភពដដែលបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានអាយុជាង១៦ខែ ពិតជាមានភាពចាស់ទុំ និងល្មមដល់ពេលវេលាដែលគួរចេញនៅកណ្តាប់ដៃដែកដោយការបង្កើតនៅយន្តការបង្កើតនៅច្បាប់ទុកស្កាត់អំពើភេរវកម្មនានា ដើម្បីធានាដល់សន្តិសុខជាតិ និងសុខមាលភាពប្រជាពលរដ្ឋដែលកំពុងតែរសើនៅក្នុងសុខសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយទង់ជាតិតែមួយ និងព្រះមហាក្សត្រតែមួយ។ ជាមួយគ្នានេះ អនុប្រធានសម្ព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាចេះពិចារណាចំពោះការទទួលយកនៅព័ត៌មានពិត និងកុំជឿលើព័ត៌មានញុះញង់ដែលនាំឱ្យបងប្អូនធ្លាក់ក្នុងអំពើខុសច្បាប់តែប៉ុណ្ណោះ។
គួររម្លឹកឱ្យដឹងថា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ៕
ដោយ៖ពលជ័យ