Blinken ៖ បទឈប់បាញ់ហ្គាហ្សាមិនអាចសម្រេចមុន Trump ធ្វើប្រធានាធិបតី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់តំបន់ Gaza ជិតសម្រេចបានហើយ ប៉ុន្តែ មិនអាចមាន មុនការឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ទើបជាប់ឆ្នោតថ្មី លោក Donald Trump នោះទេ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងត្រូវចាកចេញពីតំណែងផងដែរ បន្ទាប់ពីការចូលកាន់តំណែង របស់លោក Trump នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ បាននិយាយ កាលពីថ្ងៃពុធថា បទឈប់បាញ់នៅតំបន់ Gaza និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង នៅតែខិតចូលមកដល់ហើយ ប៉ុន្តែ លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញថា «វាអាចនឹងមិនកើតឡើង មុនពេលប្រធានាធិបតី Joe Biden ប្រគល់តំណែង ឱ្យលោក Donald Trump នោះទេ»។

សង្គ្រាមនៅហ្គាហ្សា បានកើតមានឡើង បន្ទាប់ពីពួកហាម៉ាស់ ផ្តើមវាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្សជាង១,០០០នាក់ និងចាប់ចំណាប់ខ្មាំង ជាង ២៥០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ការសងសឹករបស់អ៊ីស្រាអែលទៅលើពួកហាម៉ាស់-ប៉ាឡេស្ទីន បានសម្លាប់មនុស្ស ៤៥,៩៣៦នាក់ហើយ នៅតំបន់ហ្គាហ្សា ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមតួលេខ បានពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយ អង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន។

បទឈប់បាញ់ក៏ធ្លាប់មានបណ្តោះអាសន្ន ប៉ុន្តែ ការប្រយុទ្ធគ្នា នៅតែបន្តមាន។ អ្នកសម្រុះសម្រួល ឲ្យមានបទឈប់បាញ់ រួមមាន ដូចជា កាតា អេហ្ស៊ីប និង សហរដ្ឋអាមេរិក ដែលបាននិងកំពុងចរចារជុំថ្មី។ កាលពីខែឧសភា លោក Biden បានបង្ហាញផែនការ បី ដំណាក់កាល សម្រាប់ការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ នៅហ្គាហ្សា។ ខណៈដែលការចរចានៅតែបន្តធ្វើ កងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សា ម្តងទៀត កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស យ៉ាងតិច១៤នាក់ នៅលើទឹកដី ដែលត្រូវបានបំផ្លិចបំផ្លាញ រួចមកហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner