វ៉េណេស៊ុយអេឡាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អាមេរិក
បរទេស ៖ បុរសខ្លាំងរបស់ប្រទេសវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានអះអាងពីការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អាមេរិក ពីរនាក់ មានក្នុងចំណោមជនបរទេស៧នាក់ ដែលខ្លួនហៅថា «ទាហានស៊ីឈ្នួល»។
ជនជាតិអាមេរិក ពីរនាក់ ស្ថិតនៅក្នុងក្រុមដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ ហើយ ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការធ្វើសកម្មភាព «ភេរវករ» ដែលមិនបានបញ្ជាក់លម្អិត តែ បានអះអាងថា ជា «មន្ត្រីជាន់ខ្ពស់ FBI» និង «មន្ត្រីយោធាជាន់ខ្ពស់» នេះបើតាមលោក Maduro បាននិយាយ នៅក្នុងព្រឹត្តិការណ៍មួយ ដែលត្រូវបានចាក់ផ្សាយ តាមទូរទស្សន៍រដ្ឋ។
លោក Maduro ដែលឡើងកាន់អំណាចដំបូង ក្នុងឆ្នាំ២០១៣ ត្រូវស្បថចូលកាន់តំណែង នៅថ្ងៃសុក្រ សម្រាប់អាណត្តិទីបី ដែលមានរយៈពេល៦ឆ្នាំ។ ប៉ុន្តែ គឺជាអាណត្តិ ដែលត្រូវបានចាត់ទុក យ៉ាងទូលំទូលាយថា មិនស្របច្បាប់ ជាពិសេស ពីសំណាក់សហរដ្ឋអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំ មកនេះ លោក Maduro បានចោទប្រកាន់ថា សហរដ្ឋអាមេរិកដឹកនាំផែនការ ព្យាយាមទម្លាក់លោក ចេញពីតំណែង។ ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលក្រុង ការ៉ាកាស បានប្រកាសថា ជនបរទេស ចំនួន ១២៥ នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន បន្ទាប់រងការចោទថា ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត