ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ ១០ភាគរយ និងត្រីក៏មានតម្លៃទាបជាងមុន ដែលជាឱកាសល្អសម្រាប់ពលរដ្ឋធ្វើប្រហុក

(ភ្នំពេញ)៖តាមការវាយតម្លៃត្រីនាក្នុងឆ្នាំនេះគេឃើញថាអាចកើនឡើងប្រមាណ១០ភាគរយ ខណៈឆ្នាំមុននេះកើនឡើងប្រមាណ៥ភាគរយ។ជាមួយគ្នាដើម្បីថែរក្សាត្រីតាមទីធម្មជាតិរបស់យើងឱ្យសម្បូរបែប និងមានបរិមាណច្រើនបន្តទៀតដែលជាទីអាចផ្គត់ផ្គង់ដល់ពលរដ្ឋយើងបានគ្រប់គ្រាន់នោះ ពលរដ្ឋរបស់យើងចាំបាច់ណាស់ ត្រូវគោរពច្បាប់ ហើយបើគោរពបាននោះប្រទេសយើងមិនខ្វះត្រីហូបទេ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

បញ្ជាក់ក្នុងពិធីចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិតទីណាបានថ្លែងបញ្ជាក់ថា ៖ ការដែលយើងចង់ទទួលបានផលត្រីច្រើន និងប្រទេសកម្ពុជាយើងនៅតែរក្សាបាននូវនិរន្តភាពត្រីចាំបាច់ណាស់ត្រូវចូលរួមទាំងអស់គ្នាទើបយើងអាចមានត្រីសម្បូរដូចនាពេលនេះ ។ ផ្ទុយមកវិញសម្រាប់អ្នកប្រព្រឹត្តិបទល្មើសនេសាទគឺជាមនុស្សចង់មានបានតែម្នាក់ឯង ដែលបង្កការប៉ះពាល់ដល់ត្រីធម្មជាតិរបស់យើង។ពួកគេត្រូវបញ្ឈប់បន្ទាន់នូវសកម្មភាពទាំងអស់នេះ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការនេសាទរបស់យើងនាឆ្នាំនេះឃើញថាទទួលបាននូវលទ្ធផលច្រើន ទាំងនេះបង្ហាញថាកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងកិច្ចការពារ ធនធានធម្មជាតិរបស់យើង។ក្រៅពីនេះក៏មានការចូលរួមពីសំណាក់ប្រជានេសាទរបស់យើងគោរពនូវច្បាប់ និងពិសេសនៅពេលពួកគាត់ចាប់បានមេពូជត្រីក៏បានធ្វើការព្រលែងទៅវិញដែលនេះគឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមថែរក្សាត្រីក៏ដូចជាបង្កើនបរិមាណត្រីក្នុងប្រទេសរបស់យើង។ ”ប្រជានេសាទរបស់យើងនៅពេលចាប់បានត្រីពូជ ឬត្រីកម្របាននាំគ្នាលែងទៅវិញ ដោយសារតែមូលហេតុនេះហើយឃើញថាឆ្នាំនេះយើងទទួលបាននូវទិន្នផលត្រីច្រើនមែនទែន”។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា ៖ ការដែលយើងដឹងពីបរិមាណត្រីតិចឬច្រើនគឺយើងសង្កេតមើលចរាចររបស់វាបើសង្កេតឃើញថាយើងចាប់បានច្រើនក្នុងឆ្នាំនេះ ដែលមិនមែនបង្កើនការចាប់ទេ ពោលគឺចាប់តាមធម្មតា នោះបញ្ជាក់ថាត្រីបានកើតច្រើន និងបន្លាស់ទីចេញពីបឹងទន្លេសាបមកក្នុងទឹកទន្លេមេគង្គក៏ច្រើន។ហេតុនេះឃើញថាឆ្នាំនេះភោគផលដែលបានពីត្រីគឺច្រើនគ្រប់កន្លែងស្ទើរទាំងអស់ ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner