អង់គ្លេសរកឃើញបច្ចេកវិទ្យាជួយមនុស្សផ្ដាច់បារីដាក់ក្នុងនាឡិកាឆ្លាតវៃ
ឡុងដ៍ ៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស បានបង្កើតកម្មវិធីនៅក្នុងនាឡិកាឆ្លាតវៃដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលរចនាឡើងដើម្បីជួយអ្នកជក់បារីឲ្យផ្តាច់បារី តាមរយៈការធ្វើអន្តរាគមន៍នៅពេលចលនាទាក់ទងនឹងការជក់បារីត្រូវបានរកឃើញ។
ដើម្បីជាការដាស់តឿនដល់ម្ចាស់នាឡិកាឆ្លាតវៃឱ្យផ្តាច់បារី បច្ចេកវិទ្យានេះបានប្រើប្រាស់ឧបករណ៍ចាប់សញ្ញាចលនា តាមដានកាយវិការជក់បារី ធ្វើឲ្យមានការរំញ័រជាមួយនឹងសារគាំទ្រ និងព័ត៌មានលម្អិតអំពីចំនួនបារីដែលជក់បារីប្រចាំថ្ងៃ។ អ្នកប្រើអាចច្រានចោលសារ ឬចូលប្រើប្រាស់ធនធានបន្ថែម តាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រការឈប់ជក់បារីរបស់សេវាសុខភាពជាតិ។
សារព័ត៌មាន VNExpress បានរាយការណ៍ថា អ្នកស្រាវជ្រាវបានសិក្សាពីនាឡិកាឆ្លាតវៃលើអ្នកចូលរួមចំនួន ១៨នាក់ដែលមានអាយុពី ១៨ដល់៧០ឆ្នាំ បានចាប់អារម្មណ៍ក្នុងការឈប់ជក់បារី និងជក់បារីយ៉ាងហោចណាស់ ១០ដើមក្នុងមួយថ្ងៃ ដោយដៃស្តាំរបស់ពួកគេ។ នៅចុងបញ្ចប់នៃការសាកល្បង បានរកឃើញថា ៦៦ភាគរយបាននិយាយថា ពួកគេមានភាពងាយស្រួលក្នុងការប្រើប្រាស់នាឡិកាឆ្លាតវៃ ហើយ ៦១ភាគរយមានអារម្មណ៍ថា សារមានប្រយោជន៍ក្នុងការដោះស្រាយទម្លាប់នៃការជក់បារីរបស់ពួកគេ។
មតិយោបល់វិជ្ជមាន រួមមានការបង្កើនការយល់ដឹងអំពីទម្លាប់ជក់បារី, កាត់បន្ថយការប្រើប្រាស់បារី និងការលើកទឹកចិត្តឲ្យឈប់ជក់បារី។ ប៉ុន្តែអ្នកចូលរួមមួយចំនួន បានលើកឡើងពីបញ្ហាមួយចំនួន មានដូចជាការរំខានពីការផ្ញើសារដដែលៗ, ការជូនដំណឹងយឺត និងភាពខុសគ្នានៃសារដាស់តឿន។
យ៉ាងណា ការសិក្សានេះបានបង្ហាញថា នាឡិកាឆ្លាតវៃអាចជាវិធីសាស្រ្តដ៏មានប្រយោជន៍មួយ ដើម្បីជួយមនុស្សឱ្យឈប់ជក់បារី ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងយល់ពីប្រសិទ្ធភាពរបស់វា។ ទន្ទឹមគ្នា ដើម្បីជួយបង្កើតអនាគតដែលគ្មានផ្សែង រដ្ឋាភិបាលអង់គ្លេសត្រូវតែធានាថា សេវាកម្មឈប់ជក់បារីគួរតែទទួលបានមូលនិធិប្រកបដោយនិរន្តរភាព និងអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា៕
ប្រភព ៖ The Star និងVNExpress ប្រែសម្រួល ៖ ឈឹម ទីណា