ប្រទះឃើញសាកសពមនុស្ស២នាក់ ក្នុងកន្លែងដាក់កង់យន្តហោះអាមេរិក JetBlue

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បាននិយាយ កាលពីថ្ងៃអង្គារថា សាកសពបុរសពីរនាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយមានសភាពរលួយយ៉ាងធ្ងន់ធ្ងរ
នៅក្នុងកន្លែងដាក់កង់យន្តហោះ Airbus A320 មួយគ្រឿង របស់ខ្លួន ដែលបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ស្ថិតក្នុងរដ្ឋផ្លរីដា។

ក្រុមហ៊ុន JetBlue បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN ឲ្យដឹងថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា សុទ្ធតែជាបុរស ហើយ ខ្លួនកំពុងសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរ ក្នុងការស៊ើបអង្កេត លើរឿងនេះ។

លោក Carey Codd អ្នកនាំពាក្យការិយាល័យតម្រួតតំបន់ Broward បាននិយាយថា ការធ្វើកោសល្យវិច័យនឹងត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។
ជើងហោះ Flight 1801 មួយនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក ហើយបានទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale នៅម៉ោងប្រហែល ១១.១០ យប់ ថ្ងៃអង្គារ នេះបើតាមទិន្នន័យ អំពីសេវាតាមដានជើងហោះហើរ FlightAware។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិយាយថា កន្លែងដាក់ឧបករណ៍ចុះចត ជារឿយៗ ត្រូវបានប្រើប្រាស់ ដោយក្រុមអ្នកលួចជិះយន្តហោះ ប៉ុន្តែ មនុស្សទាំងនោះ ភាគច្រើន បានស្លាប់បាត់បង់ជីវិត ដោយសារខ្វះអុកស៊ីសែន។ សហព័ន្ធអាកាសចរណ៍អាមេរិក ហៅកាត់ FAA បានចេញផ្សាយរបាយការណ៍ កាលពីឆ្នាំ២០២១ថា ប្រហែល ៨០% នៃមនុស្សដែលព្យាយាមលួចជិះយន្តហោះ តាមរយៈទីតាំងនោះ ឬ ផ្នែកខាងក្រៅនៃយន្តហោះផ្សេងទៀត បានស្លាប់បាត់បង់ជីវិត។

ការរកឃើញសាកសពបុរសទាំងពីរនាក់ចុងក្រោយនេះ បានកើតឡើង នៅរយៈពេល ពីរសប្តាហ៍ បន្ទាប់ពីសាកសពមនុស្សម្នាក់ ត្រូវបានរកឃើញ នៅកន្លែងដាក់កង់នេះដូចគ្នា ដែលជាយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner