ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត

បរទេស ៖ ខណៈពេលដែលក្រុមហ៊ុន Apple កំពុងចរចាដោះស្រាយបំរាមលក់ iPhone 16 នៅឥណ្ឌូនេស៊ី ក្រុមហ៊ុនផលិតស្មាតហ្វូន Honor របស់ក្រុមហ៊ុនចិន Huawei គ្រោងនឹងចូលមកចរាចរណ៍លក់ នៅក្នុងប្រទេសនេះ ចាប់ពីចុងខែមីនា ខាងមុខ នេះបើតាមការចេញផ្សាយរបស់កាសែត Cnbc ក្នុងសប្តាហ៍នេះ។

ប្រភពថា ស្មាតហ្វូន Honor នឹងក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុនចិនចុងក្រោយគេបង្អស់ ដែលហក់ចូលក្នុងទីផ្សារប្រទេសមួយនេះ ក្រោយពេលដែលមានបំរាមហាមប្រាម ការលក់ iPhone 16 របស់ក្រុមហ៊ុនអាមេរិក Apple។ ឥណ្ឌូនេស៊ីទាមទារថា សម្រាប់ស្មាតហ្វូន ដែលលក់នៅក្នុងប្រទេស ទាល់តែមានលក្ខខណ្ឌចែងថា ៤០% នៃសមាសធាតុរបស់ទូរស័ព្ទ ត្រូវតែមានប្រភព ក្នុងស្រុក។ ច្បាប់នោះបានរារាំងក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទថ្មីបំផុតរបស់ខ្លួន នៅលើទីផ្សារ ប៉ុន្តែ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងចរចាលើការបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ជាការដោះដូរបានលក់ ឡើងវិញ។

បើតាម Cnbc ក្រុមហ៊ុនទូរស័ព្ទ Honor មានការិយាល័យមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយកំពុងធ្វើការជាមួយដៃគូផលិតក្នុងស្រុកមួយ ឈ្មោះ Justin Li នេះបើតាមប្រធានក្រុមហ៊ុន Honor ប្រចាំប៉ាស៊ីហ្វិកខាងត្បូង ប្រាប់អ្នកយកព័ត៌មាន កាលពីសប្តាហ៍មុន។

គិតត្រឹមខែវិច្ឆិកា ក្រុមហ៊ុនទូរស័ព្ទចិន Oppo, Xiaomi និង Transsion បានកាន់កាប់តំណែងកំពូលទាំងបី នៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមក្រុមហ៊ុនទីផ្សារបច្ចេកវិទ្យាសិង្ហបុរី Canalys ។

លោក Chiew Le Xuan អ្នកវិភាគរបស់ Canalys បាននិយាយថា ៨០% នៃទីផ្សារគ្របដណ្ដប់ដោយឧបករណ៍ប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានតម្លៃក្រោម២០០ដុល្លារ ខណៈដែលឥណ្ឌូនេស៊ីបង្ហាញពីសក្តានុពលដ៏ធំសម្បើម សម្រាប់កំណើនរយៈពេលវែង លើតម្លៃកម្រិតនេះ៕

ប្រភព៖ Cnbc, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner