ត្រីកញ្ជ្រូកព៌ណស្រស់ស្អាត និងជាប្រភេទត្រីចុះក្រោយគេនារដូវត្រីប្រហុកត្រូវក្នុងទន្លេមេគង្គ
(ភ្នំពេញ)៖ ត្រីកញ្ជ្រូកគឺជាប្រភេទត្រីឥតស្រកាមួយប្រភេទ ដែលមានរស់នៅក្នុងទន្លេធំៗ និងដៃទន្លេ ដែលមានព្រៃលិចទឹកព័ទ្ធជុំវិញ ដូចជា៖ អាងទន្លេមេគង្គ ក្នុងទន្លេសាប បឹងទន្លេសាប ដោយវាប្រើប្រាស់អាងទឹកជ្រៅសម្រាប់ជ្រកកោនក្នុងរដូវប្រាំង ។
លោក សានសឿម រស់នៅខេត្តកំពង់ឆ្នាំង អ្នកនេសាទ និងជាអ្នកដឹកជញ្ជូនត្រីមួយរូបបានប្រាប់ថាតាមការកត់សម្គាល់គឺត្រីកញ្រ្ជូកតែងចុះមកក្រោយគេនារដូវត្រីប្រហុកត្រូវ ពោលគឺអ្នកនេសាទតែងចាប់វានៅអំឡុងពាក់កណ្តាលឬចុងខែ១។ត្រីនេះនៅពេលវាចុះមកគឺជាសញ្ញាបញ្ជាក់ថាត្រីដទៃទៀតនឹងចុះអន់ខ្សោយហើយ ឬហៀបនឹងអស់ហើយដែរ។
អ្នកនេសាទជើងចាស់រូបនេះប្រាប់បន្ថែមថា”វាហាក់គួរឱ្យអស់សំណើចដែរពោលគឺត្រីកញ្រ្ជូកនេះវាតែងមកក្រោយគេបំផុត។ក្នុងឆ្នាំ២០២៥នេះត្រីកញ្រ្ជូកគេទើបឃើញចុះមកមួយៗនៅលាយឡំគេនៅឡើយទេ។ដល់ពេលវាចុះមកគឺសុទ្ធតែត្រីប្រភេទនេះតែម្តងនៅពេលនោះសញ្ញាបញ្ជាក់ថាជិតអស់ត្រីហើយ”។
ដោយឡែក លោក ឡូញ ឃល បានប្រាប់ថា ត្រីកញ្រ្ជូកនាឆ្នាំនេះហាក់អន់បន្តិច។ ត្រីនេះច្រើនចុះនៅថ្ងៃ១រោចឬ២រោចក្នុងខែមករា។វាតែងចុះមកក្រោយគេជាដរាប។
លោក ថាពលរដ្ឋច្រើនចូលចិត្តទិញ ត្រីកញ្ជ្រូកក្រហម និង កញ្រ្ជូកស។សម្រាប់ត្រីកញ្ជ្រូកឃើញថាពលរដ្ឋចូលចិត្តទិញបរិភោគណាស់ពីព្រោះថាវាមានរស់ជាតិឆ្ងាញ់ពិសា បើទោះបីជាប្រភេទត្រីតូចក៏ដោយចុះ។
គួរបញ្ចាក់ថា បើយោងតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) កន្លងមកបានឱ្យដឹងថា៖ត្រីកញ្រ្ចូកមានរស់នៅតាមទន្លេធំៗ ដែលមានភក់នៅស្រទាប់ក្រោម តាមស្ទឹង អូរ បឹងទន្លេសាប និងម្តងម្កាល វាចូលទៅក្នុងតំបន់វាលលិចទឹកផងដែរ។ពួកវារកចំណីស៊ីនៅពេលយប់ ដូចជាជន្លេន ពពួកសត្វឥតឆ្អឹងកង សត្វល្អិតនៅស្រទាប់បាតជាអាហារ។ ត្រីប្រភេទនេះ វាធ្វើចរាចរផ្លាស់ទីជាហ្វូង។
ជាទូទៅត្រីកញ្ច្រូកវាធ្វើចរាចរផ្លាស់ទីចូលទៅតាមដៃទន្លេ និងស្ទឹងតូចៗ ទីដែលវាអាចពង-កូនអំឡុងពេលមុនរដូវទឹកជំនន់ចូលមកដល់។ បន្ទាប់មក ពេលដែលទឹកចាប់ផ្តើមស្រក វាក៏ត្រឡប់ចូលមកតាមដៃទន្លេ និងទន្លេមេគង្គវិញ។ ការធ្វើចរាចរផ្លាស់ទីឆ្ពោះទៅខ្សែទឹកខាងក្រោមល្បាក់ខោន ពីតំបន់ដីសណ្តទន្លេមេគង្គ ចាប់ពីខែវិច្ឆិកា ដល់ខែមិនា គឺកើតឡើងដោយសារទឹកទន្លេមេគង្គស្រកខ្លាំង ជាជំនួសមកវិញទឹកប្រៃក៏ហូរចូល។ ចាប់ពីខែឧសភា ដល់ខែកក្កដា ត្រីកញ្ជ្រូក ធ្វើចរាចរផ្លាស់ទីពីល្បាក់ខោន ចុះមកខ្សែទឹកខាងក្រោមចូលទៅក្នុងតំបន់ទំនាបលិចទឹក នៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។
ដោយឡែកសម្រាប់ត្រីកញ្ជ្រូកក្រហម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅផុតពូជ។ ត្រីប្រភេទនេះ ពុំមានព័ត៌មានច្បាស់លាស់អំពីបញ្ហាប្រឈមចំពោះពួកវានៅឡើយទេ។
សូមបញ្ជាក់ថាត្រីកញ្រ្ចូកគេអាចយកធ្វើម្ហូបបានច្រើនមុខដូចជា៖ស្ងោរត្រីកញ្ច្រូក ជ្រក់ត្រីកញ្រ្ចូក ឬខត្រីកញ្ជ្រូកឆ្ងាញ់អស្ចារ្យ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោកវ៉េង លឹមហួត