សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ មានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។
២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
៤- ផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង ៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយ គឺ ពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ