ជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លា
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានប្ដេជ្ញា បន្តលើកកម្ពស់ទំនាក់ទំនង ជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។
ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីក ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។
សម្ដេចបវរធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រ ដល់កម្ពុជា ចាប់តាំងពីដំណើរការ ស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ច របស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ។
សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សា អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ