Biden ៖ ភ្លើងឆេះនៅ LA ជាមហន្តរាយដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃ ដែលបំផ្លាញទីក្រុង Los Angeles សម្លាប់មនុស្ស៥នាក់ថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលលោកបានសន្យាផ្តល់មូលនិធិ និងធនធានសហព័ន្ធបន្ថែម ដើម្បីជួយដល់រដ្ឋ មួយនេះ។

ប្រធានាធិបតី Biden បានលុបចោលការធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី ហើយបានកោះប្រជុំមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅសេតវិមាន។ លោក Biden បាននិយាយថា «នេះគឺជាភ្លើងឆេះ រាលដាលបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា» ហើយលោកបានហៅក្រុមពន្លត់អគ្គិភ័យថា ជា«វីរបុរស»។

លោកបាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង ១០០ភាគរយ លើការចំណាយ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ សម្រាប់រយៈពេល១៨០ ថ្ងៃដំបូង តាមសំណើរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា។ លោក Biden បាននិយាយថា លោកនឹងបង្កើនអ្នកពន្លត់អគ្គីភ័យសហព័ន្ធ និងយន្តហោះពន្លត់អគ្គីភ័យ ព្រមទាំង ឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុង Los Angeles ខណៈដែលមន្ទីរបញ្ចកោណនឹងបញ្ជូនយន្តហោះធុនធំ ចំនួន ៨គ្រឿង ផងដែរ។

ភ្លើងឆេះព្រៃ គឺជាបញ្ហាគួរឲ្យបារម្ភ នៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត នាពេលបច្ចុប្បន្ននេះ ខណៈដែលអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស គឺជាការផ្លាស់ប្តូរគំរូអាកាសធាតុ។

ជុំវិញបញ្ហានេះ អ្នកព្យាករណ៍ឯកជនអាមេរិក AccuWeather បាននិយាយ កាលពីថ្ងៃពុធថា តាមការប៉ាន់ប្រមាណ ការខូចខាតនិងការខាតបង់សេដ្ឋកិច្ច ពីភ្លើងឆេះព្រៃនេះ មានប្រមាណ៥០ពាន់លានដុល្លារអាមេរិក ក្នុងកម្រិតបឋម នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រយធឺ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner