កម្ពុជាស្វាគមន៍ (FAO) ក្នុងការគាំទ្រ​ក្នុងវិស័យ​ជលផល និងវារីវប្បកម្មក្នុង​ប្រទេសកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួប ពិភាក្សាការងារជាមួយលោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ (FAO) ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើម ផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី លោកបណ្ឌិត Manuel Barange បានបង្ហាញគោលចំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner