កម្ពុជា នឹងនាំសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទសចិនលើកដំបូងនៅថ្ងៃខាងមុខ
(ភ្នំពេញ)៖ប្រទេសកម្ពុជារំពឹងថានឹងមានការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ដែលនេះត្រូវបានគេចាត់ទុកថាជាលើកទី១ហើយក្នុងការ នាំសត្វប្រភេទនេះទៅកាន់ទីផ្សារប្រទេសចិនដើម្បីលើកកម្ពស់បន្ថែមទៀតសម្រាប់អ្នកចិញ្ចឹមសត្វក្រពើនៅកម្ពុជា។
បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៥ថាចាប់តាំងតែពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។
ទាក់ទិនក្នុងរឿងនេះលោក អ៊ីហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានឱ្យដឹងតាមរយៈវីដេអូឃ្លីបថា៖ក្រុមការងាររបស់លោក បានចុះយកសំណាកដើម្បីវិភាគរកមេរោគក្នុងគោលបំណងសម្រួលដល់ការនាំចេញសត្វក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។
នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។
យោងតាមទិន្នន័យ ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថានៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើ ចំនួន ជិត៣០០កសិដ្ឋាន ដែលក្នុងនេះស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែងជាដើម៕
ដោយ ៖ ម៉ាដេប៉ូ