ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង 81,000ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ៖ កម្មវិធីរត់ ដើម្បីសប្បុរសធម៌ ដែលរៀបចំធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នាព្រឹកថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៥ នៅក្នុងបុរីប៉េង ហួត បឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមូលបានថវិកាបរិច្ចាគពីសប្បុរសជនបានចំនួន81,000ដុល្លារអាមេរិក ផ្តល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ។
កម្មវិធីរត់សប្បុរសធម៌នេះទទួលបានអ្នកចូលរួមប្រមាណជា១៦០០នាក់លើ 3ប្រភេទចម្ងាយផ្សេងគ្នា រួមមានចម្ងាយ 5គីឡូម៉ែត្រ 10គីឡូម៉ែត្រ និង15គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមរត់ពីសំណាក់ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB និងថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត។
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ បានរៀបចំជាលើកដំបូង ដើម្បីអបអរសាទរនូវខួបលើកទី១៥ របស់ធនាគារ CIMB ក៏ដូចជាបង្កើតសាមគ្គីភាព មិត្តភាពជាមួយនិងមិត្តភក្តិក្រុមការងារ ក្រុមគ្រួសារ ពិសេស ដើម្បីថវិកាបរិច្ចាគពីសប្បុរសជនជួយដល់មន្ទីរពេទ្យកុមារអង្គរ។លោក ប៊ុន យីន បានថ្លែងអំណរគុណ និងផ្តល់នូវការកោតសរសើរយ៉ាងស្មោះអស់ ពីចិត្តចំពោះក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា ដើម្បីចូលរួមរត់នាព្រឹកនេះ នៅក្នុងស្មារតីសាមគ្គីភាព និងប្រកបទៅដោយទឹកចិត្តដ៏មានតម្លៃ នៅក្នុងការផ្តល់ត្រឡប់ ទៅសង្គមវិញ ជាមួយនឹងធនាគារ CIMB ។
ថ្ងៃនេះ យើងទាំងអស់គ្នា មិនត្រឹមតែជួបជុំគ្នាដើម្បីការរត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះ គឺយើងរត់ ដើម្បីសុខភាព និង ដើម្បីគាំទ្រទៅលើប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីអ្នកចូលរួមទាំងអស់»។
ដោយឡែក លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «ក្នុងនាមតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរ និងអ្នកជំងឺកុមារកម្ពុជាទាំងអស់ ពិតជាមានសេចក្តីរីករាយចូលរួមថ្ងៃនេះ ហើយក៏សប្បាយរីករាយ ដែលមានការចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ ។ លោកបន្តថា ថវិកាចំនួនថវិកាជាង៨ម៉ឺនដុល្លារអាមេរិកនេះដែលទទួលបានពីការបរិច្ចាគពីសប្បុរសជននិងក្រុមហ៊ុនដៃគូឧបត្ថម្ភនេះ គឺយើងបានជួយដល់កុមារប្រមាណ២ពាន់នាក់ នឹងបានជួយសង្គ្រោះ ក្នុងឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ ឯកឧត្តម មានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB នាពេលនេះ ស្របពេលដែលធនាគារអបអរសាទរខួប១៥ឆ្នាំ នៃដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ គឺគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ ជាច្រើនឆ្នាំកន្លងមក ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ CIMB ក្នុងការជួយត្រឡប់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម គឺប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
គួរឱ្យដឹងដែរថា ក្នុងរយៈពេល15ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ជាង 630,000ដុល្លារអាមេរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ ក្នុងចំណោមនោះ កម្មវិធីសប្បុរសធម៌គោលធំៗមួយចំនួនរបស់ធនាគារ CIMB មានដូចជាអាហារូបករណ៍អាស៊ាន ចាប់តាំងពិឆ្នាំ ២០១៦ និងការបង្កើតគម្រោងឧទ្យានអង្គរ-ស៊ីអាយអ៊ិមប៊ី នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះជាដើម៕
ថតដោយមឿង គឹមរ៉ុង អត្ថបទ៖ជាវ ចន្ធូ