កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤
(ខេត្តសៀមរាប)៖ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំខ្លឹមសារគន្លឹះក្នុងការកសាងផែនការ ដល់បណ្តាមន្ទីរ អង្គភាពសាមី ក្នុងការកែសម្រួលខ្លឹមសារពាក្យពេចន៍មួយចំនួន សំដៅលប់បំបាត់នូវវប្បធម៌អន្តរាគមន៍ នៅក្នុងសង្គម ។
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីសូចនាករ នៃគម្រោងផែនការក្នុងក្របខ័ណ្ឌ អភិវឌ្ឍន៍ខេត្ត និង កម្មវិធី អភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ(២០២៥ . ២០២៩) របស់រដ្ឋបាលខេត្ត ជូនអង្គពិធីផងដែរ ។
បន្ទាប់សមាជិកសមាជិកានៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការអនុម័តរួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការ ណែនាំដល់ក្រុមការងារទាំង ៥ ត្រូវប្រកាន់ខ្ជាប់ពីតួនាទី ភារកិច្ចរបស់ក្រុមនិមួយៗ សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត្យ មិនលំអៀង មិនប្រកាន់និន្មាការនយោបាយណាមួយឡើយ ដោយឈរលើភាពយុត្តិធម៌ ។
ក្រុមការងារ ចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ទាំង ៥ក្រុម ត្រូវធ្វើការជួបប្រាស្រ័យ សំណេះសំណាល សួរសុខទុក្ខ ស្តាប់នូវរាល់សំណូមពរបងប្អូន ព្រមទាំងធ្វើការដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕





ដោយ ៖ ប៊ុន រដ្ឋា