មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
(ខេត្តរតនគិរី)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី ។
អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ។
ឯកឧត្តមអភិបាលខេត្តរតនគិរី បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្ត និងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះ គឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។
ឯកឧត្តម ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ទន្ទឹមនេះ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញរដ្ឋបាលខេត្តរតនគិរី បន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ។ ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព គុណភាព ការផ្តល់សេវាគ្រប់វិស័យ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរថែមទៀត ៕
ដោយ ៖ ឡុង សំបូរ