ទោះបីដាច់ជើង វេជ្ជបណ្ឌិតម្នាក់នៅ Gaza បន្តជួយអ្នកជំងឺ
បរទេស ៖ វេជ្ជបណ្ឌិតជំនាញលើកុមារ ជនជាតិប៉ាឡេស្ទីន លោក Khaled al-Saidani នៅតែបន្តការងារជួយអ្នករងរបួស ក្នុងសង្គ្រាម បើទោះបីជាលោកដាច់ជើងម្ខាង ហើយ ប្រើប្រាស់ជើងសិប្បនិម្មិត ដើម្បីអាចដើរបាន ក៏ដោយ។
លោកបានបន្តការពិនិត្យអ្នកជំងឺ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ដោយផ្តល់ស្នាមញញឹម ដ៏កក់ក្តៅ ដល់ក្មេងៗ។ លោកបានបាត់បង់ជើងស្តាំ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើផ្ទះរបស់លោក កាលពីឆ្នាំមុន។
លោក Saidani បានប្រាប់ AFP ថា «ខ្ញុំបានរងរបួស ដោយសារគ្រាប់ផ្លោង ហើយដោយសារតែខ្ញុំមានជំងឺទឹកនោមផ្អែម អ្វីៗកាន់តែអាក្រក់ ហើយ ត្រូវកាត់ជើងចេញ»។
លោក Saidani បាននិយាយថា «ទោះបីជាអវយវៈសិប្បនិម្មិត ដែលធ្វើឱ្យខ្ញុំនឿយហត់ក៏ដោយ ក៏ខ្ញុំសប្បាយចិត្ត និង សុខស្រួល ក្នុងការងាររបស់ខ្ញុំ ជាហេតុផល ដែលខ្ញុំសម្រេចចិត្តត្រឡប់ ទៅធ្វើការវិញ»។
សាច់ញាតិរបស់អ្នកជំងឺ សប្បាយចិត្ត ដែលឃើញលោក ត្រលប់មកវិញ។ ស្ត្រី ដែលមានកូនឈ្មោះ Mira Hamid កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បាននិយាយថា «កូនស្រីខ្ញុំមានជំងឺតម្រងនោម..ទោះបីជាត្រូវកាត់ជើងរបស់លោកក៏ដោយ ក៏វេជ្ជបណ្ឌិត Khaled al-Saidani តាមដានអ្នកជំងឺ និងផ្តល់សេវាកម្ម សូមព្រះជាម្ចាស់ ប្រទានពរដល់ការខិតខំប្រឹងប្រែង របស់លោក»។
សង្រ្គាមនៅហ្គាហ្សាបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ ចាប់តាំងពីបានផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏សាហាវ លើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។
របាយការណ៍ថ្មីមួយ ផ្តល់ជូនដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដកស្រង់តួលេខពីក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយថា អ្នកជំនាញសុខភាព និងពេទ្យប៉ាឡេស្ទីន យ៉ាងតិច១,០៥៧នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត