ប្រធានាធិបតីម៉ិកស៊ិករំពឹងមានទំនាក់ទំនងល្អ ជាមួយTrump

បរទេស ៖ ប្រធានាធិបតី ប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកស្រីរំពឹងពីការមានទំនាក់ទំនង «ល្អ» តាមរយៈការសន្ទនា ជាមួយអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump នៅពេលដែលលោកនឹងត្រលប់ទៅគ្រប់គ្រងសេតវិមានវិញ ប្រមាណមួយសប្តាហ៍ទៀត។

នៅក្នុងសុន្ទរកថា ប្រារព្ធខួបកាន់តំណែង ១០០ថ្ងៃដំបូង ប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក វ័យ៦២ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ថា ម៉ិកស៊ិក គឺជាប្រទេស សេរី ឯករាជ្យ និងអធិបតេយ្យភាព។ លោកស្រីបន្តថា «យើងសម្របសម្រួល យើងសហការគ្នា ប៉ុន្តែ យើងមិនដែលចុះក្រោម ចំពោះមហាអំណាចផ្សេងទៀតទេ»។ យ៉ាងណាក៏ដោយ លោកស្រី មានជំនឿថា «ទំនាក់ទំនងនឹងល្អ ហើយការសន្ទនា នឹងទទួលបានជោគជ័យ»។

វត្តមានរបស់លោក Trump ក្លាយជាប្រធានាធិបតីអាមេរិកឡើងវិញ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងប្រទេស កាណាដា ក្នុងខែវិច្ឆិកា ដោយលោកបានគំរាមដាក់ពន្ធ ២៥ភាគរយ លើទំនិញនាំចូលទំនិញទាំងអស់ ពីប្រទេសទាំងពីរ ជុំវិញអ្វីដែលលោក Trump ហៅថា «បរាជ័យ» ក្នុងការរារាំងលំហូរជនចំណាកស្រុក និង គ្រឿងញៀន ចូលទៅក្នុងទឹកដី សហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner