អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ
បរទេស៖ របាយការណ៍ផ្លូវការបានឲ្យដឹងថា សហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច ប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ដែលបាននិងកំពុងបន្តឆាប់ឆេះ រាលដាលដល់ផ្ទះអ្នកស្រុក នៅទីក្រុង Los Angeles
ជិត១សប្តាហ៍ មកនេះ ខណៈដែលចំនួនមនុស្សស្លាប់កើនដល់២៤នាក់ ហើយមនុស្ស១០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង។
កាសែត Nypost បានចុះផ្សាយថា យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនឯកជនអាមេរិក AccuWeather បានឲ្យដឹងថា ភ្លើងឆេះនៅទីក្រុង Los Angeles អាចបណ្តាលឱ្យខូចខាត ចន្លោះពី៥២ពាន់លានដុល្លារ ទៅ៥៧ពាន់លានដុល្លារ ជាទំហំដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពបានប៉ាន់ប្រមាណ ជាបឋម ដោយផ្អែកលើ ផ្ទះមានតម្លៃបំផុត នៅតំបន់ Santa Monica, Malibu និងតំបន់ផ្សេងទៀត ក្នុងនោះ រួមមានទាំងផ្ទះរបស់តារាល្បីៗ ព្រមទាំង អាជីវកម្មខ្នាតតូច ជាដើម។ AccuWeather បានបន្ថែមថា គ្រោះមហន្តរាយនេះ ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ ហើយផ្សែងពុល ផ្សែងហុយចេញពីការឆេះផ្ទះ យានយន្ត សារធាតុគីមី និងប្រេងឥន្ធនៈអាចនាំឱ្យតម្លៃសុខភាព កើនឡើង ថែមទៀត។
រីឯ កាសែត AFP វិញ បានចុះផ្សាយថា គិតត្រឹមថ្ងៃអាទិត្យ ភ្លើងឆេះព្រៃនេះ ឈានចូលដល់ថ្ងៃទី៦ហើយ ខណៈដែលមនុស្សស្លាប់កើនដល់២៤នាក់ ហើយអាចនឹងកើនឡើងថែមទៀត។ អ្នកស្រុកប្រមាណ១០ម៉ឺននាក់ ស្ថិតក្រោមការបញ្ជាជម្លៀសខ្លួន ចេញពីផ្ទះសម្បែង ហើយ មន្ត្រីបានព្រមានអំពីខ្យល់បក់ដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យមានការឆាបឆេះ បន្ថែមទៀត នេះបើតាមសេវាកម្មអាកាសធាតុជាតិអាមេរិក៕
ប្រភពពី AFP និង Nypost ប្រែសម្រួល៖ សារ៉ាត