វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

បរទេស៖ ទោះបីជាមានឱកាសច្រើនទៅធ្វើការនៅប្រទេសអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ ដែលអាចទទួលបាន រហូតដល់ជាង៤,០០០ដុល្លារ ក្នុងមួយខែ ក៏ដោយ ចំនួនជនជាតិវៀតណាមធ្វើការនៅទីនោះ នៅតែមានកម្រិតទាប គួរឱ្យភ្ញាក់ផ្អើល នេះបើតាមកាសែត VNexpress ។

លោកស្រី Luu Thi Ngoc Tuy ប្រធានក្រុមហ៊ុនផ្តោតលើធនធានមនុស្សអន្តរជាតិ Vilaco បានថ្លែង ក្នុងកម្មវិធីស្តីពីឱកាសសិក្សា នៅប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុនថា វៀតណាមស្ទើរតែទាំងអស់ ដែលកំពុងសិក្សា នៅប្រទេសអាល្លឺម៉ង់ ទទួលបានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា អាចទទួលបានប្រាក់ចំណូល ចន្លោះពី ២,៥៧៥ដុល្លារ ដល់ ទៅ ៤,១២០ដុល្លារ នៅក្នុងមួយខែ ហើយ ក្នុងអំឡុងពេលបណ្តុះបណ្តាលជំនាញ នៅទីនោះ ក៏ទទួលបានប្រាក់ខែ ចន្លោះពី ជិត១,០០០ដុល្លារ ដល់ ១៦៥០ដុល្លារដែរ។ ប៉ុន្តែជនជាតិវៀតណាមធ្វើការ នៅទីនោះ មានចំនួនតិចតួច នៅឡើយ ធៀបនឹងជនបរទេស ផ្សេងៗទៀត។

ទិន្នន័យបង្ហាញថា មានតែជនជាតិវៀតណាម ប្រហែល៤,០០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះធ្វើការ កាលពីឆ្នាំមុន នាំឲ្យចំនួននេះ មានកម្រិតទាបជាងប្រទេសឥណ្ឌា ដែលមានចំនួន ៤២,០០០ នាក់ និង ចិនដែលមាន ចំនួន ៣៩,០០០ នាក់ នេះបើតាមលោកស្រី Tuy ដដែល។

លោកស្រី Tuy បាននិយាយថា បញ្ហារបាំងភាសា គឺជាកត្តាសំខាន់ ដោយសារតែ ភាសាអាឡឺម៉ង់ ពិបាករៀន ហើយចេះភាសាកម្រិត B1 ជារឿយៗ គឺមិនគ្រប់គ្រាន់ សម្រាប់ទំនាក់ទំនងនៅកន្លែងធ្វើការទេ។ យ៉ាងណាមិញ កាលពីខែមីនា ឆ្នាំ ២០២៤ តម្រូវការភាសាអាឡឺម៉ង់ ត្រូវបានបន្ថយ កម្រិត B2 មក B1 វិញ ដើម្បីទាក់ទាញកម្មករជំនាញពីក្រៅប្រទេស។

ប៉ុន្តែ លោក Nguyen Quang Duc ប្រធានក្រុមហ៊ុនប្រឹក្សាអប់រំនៅបរទេស VNEU ក៏បានលើកឡើងពីការចំណាយខ្ពស់ ដើម្បីបានទៅអាល្លឺម៉ង់ ក្នុងនោះ រួមមានទាំងការរត់ឯកសារផ្សេងៗ ត្រូវចំណាយប្រហែល ៧,៨៨០ ដុល្លារអាមេរិក។ លោក Duc បាននិយាយទៀតថា ការងារភាគច្រើន របស់កម្មករជំនាញវៀតណាម គឺ ថែទាំមនុស្សចាស់ ដែលជាការងារមានតម្រូវការខ្ពស់ នៅក្នុងប្រទេសអាល្លឺម៉ង់។

អ្នកជំនាញទាំងពីរក៏បានលើកឡើងពីបញ្ហាវប្បធម៌ខុសគ្នា លើរៀបធ្វើការ ដូចជា អាល្លឺម៉ង់យឺតជាងវៀតណាមជាដើម ព្រមទាំង កត្តាណែនាំអាជីពមិនត្រឹមត្រូវ ហើយក៏សម្រេចចិត្ត ត្រលប់មកវិញ។ ក្រៅពីនេះ ក៏មានតម្រូវខាងសុខភាព ក្នុងនោះ គឺមិនមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជា មហារីក ឬ ជំងឺរលាកថ្លើមប្រភេទ B។

កាលពីឆ្នាំមុន សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ពីការខ្វះខាតកម្មករ ចំនួន ១,៣ លាននាក់ ជាពិសេស ផ្នែកថែទាំសុខភាព ហើយប្រទេសនេះ ត្រូវការកម្មករអន្តោប្រវេសន៍ ដែលមានជំនាញចំនួន៤០ម៉ឺននាក់ ក្នុងមួយឆ្នាំៗ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner