បណ្ឌិត សួន សេរីរដ្ឋា៖ ការចោទប្រកាន់ទម្លាក់កំហុសរបស់ក្រុមប្រឆាំងមកលើរដ្ឋាភិបាល គឺគ្មានមូលដ្ឋានច្បាស់លាស់ ខណៈសមត្ថកិច្ចកម្ពុជាចាប់ខ្លួនឃាតករបញ្ជូនទៅឱ្យភាគីថៃ
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមរត់ចោលស្រុកមួយចំនួនតូច បានចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋាន និងភស្តុងតាងច្បាស់លាល់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនឃាតករដែលរត់ចូលមកក្នុងទឹកដីកម្ពុជាបញ្ជូនទៅឱ្យភាគីថៃវិញតាមការការស្នើសុំ។
បណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ចំពោះការស្លាប់របស់លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ គឺមានក្រុមអ្នកដែលចំណេញ និងក្រុមអ្នកដែលខាត ហើយសំខាន់បំផុតដើម្បីធ្វើការវិភាគឱ្យដិតដល់ និងផ្តល់ជាមូលដ្ឋានសម្រាប់ការស៊ើបអង្កេតរកឃាតករ និងអ្នកនៅពីក្រោយឃាតករដើម្បីយកមកផ្តន្ទាទោស ត្រូវចាប់ផ្តើមពីចំណុចថា តើការស្លាប់របស់លោកលិម គិមយ៉ា ភាគីណាជាអ្នកចំណេញ? ហើយយកទៅធ្វើអាជីវកម្មបន្ត ហើយភាគីណាជាអ្នកខាតដែលកំពុងតែខិតខំសហប្រតិបត្តិការដើម្បីចាប់ឃាតករ ហើយស្វែងរកអ្នកដែលបញ្ជានៅពីក្រោយខ្នង។
បណ្ឌិតបានបន្តថា ឥឡូវយើងមើលឃើញហើយថា រដ្ឋាភិបាលកម្ពុជា គឺក្លាយទៅជាភាគីរងគ្រោះ គណបក្សប្រជាជនកម្ពុជាដែលកំពុងតែដឹកនាំរដ្ឋាភិបាលកម្ពុជា ក្លាយទៅជាភាគីរងគ្រោះដែលត្រូវបានក្រុមប្រឆាំងរត់ចោលស្រុកយកឃាតកម្មការសម្លាប់លោក លិម គិមយ៉ា មកទម្លាក់កំហុសភ្លាមៗ ចោទប្រកាន់ភ្លាមៗ ហើយផ្សព្វផ្សាយភ្លាមៗ តាមរយៈបណ្តាញសង្គម និងសារព័ត៌មានដែលគាំទ្រពួកគេនៅក្រៅប្រទេស ដើម្បីចង្អុលទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ មកដល់ពេលនេះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំសហប្រតិបត្តិការចាប់បានឃាតករដៃដល់ ហើយបានបញ្ជូនទៅឱ្យភាគីថៃដើម្បីធ្វើការស៊ើពបអង្កេតបន្ត ហើយនឹងជំរុញឱ្យភាគីថៃស្វែងរកអ្នកនៅពីក្រោយខ្នងបញ្ជានេះយ៉ាងណាក៏ដោយ ក៏ពួក្រុមប្រឆាំងផ្កាប់មុខរត់ចោលស្រុក គឺអត់រង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតជាក់ស្តែងទេ គឺពួកគេខិតខំប្រឌិតនៅរឿងរ៉ាងគ្រប់បែបយ៉ាងទាំងអស់ដើម្បីផ្សារភ្ជាប់ទម្លាក់កំហុសមកលើភាគីរដ្ឋាភិបាលកម្ពុជា។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា “យើងបានដឹងទាំងអស់គ្នាហើយភាគីថៃ បន្ទាប់ពីគេទទួលយកឃាតករដៃដល់ទៅដល់ប្រទេសរបស់គេ គឺគេកំពុងតែសួរចម្លើយ កំពុងតែប់ការស៊ើបអង្កេត។ ប៉ូលិសថៃនៅមិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយទាំងអស់ ក្រៅតែអំពីការសួរទៅឃាតករដើម្បីឱ្យឃាតករសារភាពនឹងបង្ហាញមុខថា តើអ្នកណានៅពីក្រោយខ្នងនៃឃាតកម្មនេះ? ថ្វីត្បិតតែឃាតករបានសារភាពហើយថា ខ្លួនជាអ្នកសម្លាប់ ប៉ុន្តែខ្លួនជាអ្នកស៊ីឈ្នួលសម្លាប់។ អ៊ីចឹងវាត្រូវនៅពីក្រោយខ្នងមានអ្នកជួលឱ្យសម្លាប់ តែអ្នកជួលឱ្យសម្លាប់នោះជាអ្នកណា គឺនៅមិនទាន់បានធ្វើការស៊ើបអង្កេតរកឃើញនៅឡើយទេ។ ប៉ុន្តែពួកក្រុមដែលគេព្យាយាមកេងចំណេញអំពីឃាតកម្មនេះ គឺគេមិនខ្លាចរអានៅក្នុងការចោទប្រកាន់ដោយបំផ្លើសបំភ្លៃគ្មានភស្តុតាង ហើយទាញយកនៅរឿងរ៉ាងផ្សេងៗជាច្រើនមកភ្ជាប់ធ្វើជាមូលហេតុ ដើម្បីបំភ័ន្តមតិសាធារណៈ និងទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាថា ជាអ្នកបញ្ជានៅពីក្រោយខ្នង”។
បណ្ឌិត សួន សេរីរដ្ឋា បានសួរត្រង់ទៅវិញថា អ្នកណាដែលខាតជាងគេនៅក្នុងរឿងនេះ ? អ្នកដែលខាតជាងគេ ហើយកំពុងតែរងគ្រោះយ៉ាងអយុត្តិធម៌នៅមុនពេលសេចក្តីលម្អិត និងលទ្ធផលនៃការស៊ើបអង្កេតបានចេញ ហើយត្រូវបានគេលាបពណ៌ទម្លាក់កំហុសដោយបំពាននោះ គឺគណបក្សប្រជាជនកម្ពុជាដែលកំពុងតែដឹកនាំអំណាចគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។ សួរថា អ្នកណាដែលខិតខំប្រឹងប្រែងនៅក្នុងការចាប់ឃាតករ និងសហការបញ្ជូនទៅភាគីថៃដើម្បីធ្វើការស៊ើបអង្កេត និងសួរចម្លើយ គឺរដ្ឋាភិបាលកម្ពុជាជាអ្នកចាប់បានឃាតករនៅក្នុងទឹកដីរបស់កម្ពុជា ហើយបានធ្វើតាមសំណើររបស់គាភីថៃបញ្ជូនឃាតករទៅឱ្យប៉ូលិសថៃ៕
ដោយ៖ពលជ័យ