សម្តេចតេជោ ហ៊ុន សែន រំលឹកនូវប្រសាសន៍ក្នុងថ្ងៃខួប ៤០ឆ្នាំ ដែលសម្តេចក្លាយជានាយករដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល សម្តេច តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង ជា នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រសាសន៍ ដែលសម្តេចថ្លែងនៅក្នុងសភា ក្រោយពេលជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី ជានាយករដ្ឋមន្ត្រី ដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គមថា ការទទួលបានតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេល នេះ ហៅថា នាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុង មូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤ ។

សម្តេចតេជោ បានបន្តថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេនាពេលនោះ ។

សម្តេចតេជោ បានបូកសរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល នេះមានរយៈពេល៤៦ឆ្នាំ ហើយប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥) ។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលត្រូវបានប្រជាជនចាត់ទុកជារដ្ឋបុរស បានគូសរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេចការលំបាកបានគ្របដណ្តប់មិនតិចជាង ៩០ភាគរយនោះឡើយ ។

មានប្រសាសន៍ដល់ការលំបាក សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវប្រសាសន៍ដែលសម្តេចថ្លែងនៅក្នុងសភាក្រោយពេលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងការទទួលខុសត្រូវលើជោគវាសនាជាតិ និងប្រជាជនជាមួយការប្តេជ្ញាចិត្តដ៏មុតមាំ និងខ្ពស់បំផុត ។

សម្តេចតេជោ បញ្ជាក់ថា ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភា ក្រោយ ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យ ប្រជាជន ណាម្នាក់ ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះ ឡើយ។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សា ឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផង ដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ ។ អាទិភាព នៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជន ដែលនេះ គឺជា មូលហេតុមួយជំរុញឱ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន ។

ទន្ទឹមនឹងការគូសរំលេចសាររំលឹកដល់រឿងរ៉ាវនៃដំណើរជីវិតក្នុងកិច្ចការជាតិសម្តេចតេជោ ក៏បានបង្ហាញរូបថតពីអាយុ ១៩ឆ្នាំ ២១ឆ្នាំ ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់សម្តេចផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner