វេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី បរិយាកាសគ្មានវិវាទˮ
(ភ្នំពេញ)៖ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំវេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទˮ ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភានិងរដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនាពេលនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះអំពីសមិទ្ធផល បទពិសោធ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍សំខាន់ៗ ដើម្បីកសាងបរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីកសុខដុមកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង ។ មិនតែប៉ុណ្ណោះកាន់តែពង្រឹងពង្រីកឡើងបន្ថែមនូវសាមគ្គីឯកភាពជាតិយើងទាំងមូល ដើម្បីដោះស្រាយបានទាន់ពេលវេលា នូវតម្រូវការបន្ទាន់របស់ប្រទេស និងប្រជាជនយើង ដែលត្រូវការបរិយាកាសគ្មានវិវាទ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងឯកភាពជាតិរឹងមាំយូរអង្វែង ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា នៅក្នុងវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ទាក់ទងយន្តការការងារ៦ ចំណុចរបស់ក្រសួងរួមមាន៖
១. ការងារចុះបញ្ជីដីបង្ហើយ
២. ការបញ្ចប់វិវាទដីធ្លី
៣. ការផ្តល់សេវាគាប់ចិត្ត
៤. ការកំណត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប
៥. ការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និង
៦. ការដោះស្រាយវិវាទបុរី។
មុខសញ្ញាទាំង៦នេះ ក្រសួងចាត់ទុកថាជាកិច្ចការគន្លឺះសំខាន់ក្នុងការរួមចំណែកបង្កើតបរិយាកាសគ្មានវិវាទ និងបញ្ហាវិវាទដីធ្លីនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ជាពិសេសគឺគំនិតផ្តួចផ្តើម និងយន្តការបែបនវានុវត្តន៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពង្រឹងពង្រីកដំណើរការចុះបញ្ជីដីធ្លី លើកកម្ពស់គុណភាពនិងប្រសិទ្ធសភាពយន្តការចុះបញ្ជីដីធ្លី និងយន្តការដោះស្រាយវិវាទដីធ្លី ដែលមានកិច្ចសហការរវាងអន្តរក្រសួង និងអាជ្ញាធរថ្នាក់ ក្រោមជាតិ គឺសុទ្ធតែកំពុងផ្តល់លទ្ធផលជាទីគាប់ចិត្ត និងជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរបៀបគ្រប់គ្រង វិវាទដីធ្លីនៅកម្ពុជា ។
ឯកឧត្តម ក៏លើកទឹកចិត្តឱ្យមានការធ្វើវេទិកាផ្សព្វផ្សាយដូចនេះជាច្រើនទៀត ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ជាពិសេសគឺការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្រតិបត្តិ និង នីតិបញ្ញត្តិកាន់តែល្អប្រសើរ ដែលនឹងជួយពង្រឹងការអនុវត្តមុខងាររបស់សមាជិកសភា បានកាន់តែមាន ប្រសិទ្ធភាពខ្ពស់រួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជាទាំងអស់ ៕
ដោយ / គ្រី សម្បត្តិ