៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

វ៉ាស៊ីនតោន ៖ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក មានផែនការបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអត្រា ៤១ភាគរយទៀតគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

យោងតាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ និងជួយសម្រួលការងារមួយចំនួនរបស់មនុស្សនៅការិយាល័យ។

ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក ក្នុងនោះ ៧៧ភាគរយបានអះអាងថា ពួកគេមានគម្រោងបង្កើនជំនាញ ឬជំរុញកម្លាំងពលកម្មបច្ចុប្បន្នរបស់ពួកគេនៅចន្លោះឆ្នាំ ២០២៥-២០៣០ ដើម្បីអាចធ្វើការជាមួយ AI។

មុខតំណែងបុគ្គលិកផ្នែកសេវាប្រៃសណីយ៍, លេខាធិការ និងបុគ្គលិកបើកប្រាក់បៀវត្សរ៍ ស្ថិតក្នុងចំណោមក្រុមការងារដែលនិយោជករំពឹងថា នឹងកាត់បន្ថយច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា AI និងដោយសារនិន្នាការផ្សេងទៀត។

ទន្ទឹមនេះ តម្រូវការជំនាញ AI ក៏កំពុងកើនឡើងផងដែរ ដែលស្ទើរតែ ៧០ភាគរយនៃអាជីវកម្មដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមានគម្រោងជួលកម្មករថ្មីដែលមានជំនាញ ដើម្បីរចនា និងកែលម្អឧបករណ៍ AI។ ៦២ភាគរយគ្រោងនឹងជ្រើសរើសបុគ្គលិកដែលមានជំនាញបន្ថែមទៀតដើម្បីធ្វើការជាមួយ AI។

ទោះជាយ៉ាងណាក៏ដោយ ការពិតបង្ហាញថា មុខតំណែងការងារជាច្រើនត្រូវបានជំនួសដោយ AI។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជាសេវាកម្មផ្ទុកឯកសារ Dropbox និងកម្មវិធីសិក្សាភាសាបរទេស Duolingo បានប្រើប្រាស់ AI ជាហេតុផលដើម្បីបណ្តេញបុគ្គលិក៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner