Tesla បញ្ចេញឡានស៊េរីថ្មី តម្លៃ ៣ ទៅ ៤ ម៉ឺនដុល្លារ សាកម្ដងជិះបាន ៧០០ គីឡូម៉ែត្រ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបញ្ចេញឡានអគ្គិសនី Model Y Juniper ជាផ្លូវការ ដែលកំពុងត្រៀមខ្លួនវាយលុកទីផ្សារប្រទេសចិនមុនដំបូងគេ ដោយរចនាឡើងបំពាក់មកជាមួយបច្ចេកវិទ្យាកាន់តែទំនើបជាងមុន បើធៀបនឹងម៉ូដែល Model Y ឆ្នាំ ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។

ឡាន SUV ថ្មីរបស់ Tesla នេះ ត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមចែកចាយនៅខែមីនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសពីរប្រភេទ ដោយតម្លៃរបស់វាមានចន្លោះពីជាង ៣ម៉ឺនដុល្លារទៅជាង៤ម៉ឺនដុល្លារ។ ឡាន Model Y ស៊េរីថ្មីនេះ មានការរចនាប្លែកជាងមុន ដោយបានបំពាក់មកនូវអំពូល LED លាតសន្ធឹងពេញផ្ទៃផ្នែកខាងមុខឡាន ជារួមស្រដៀងនឹងឡានម៉ូដែល Cybertruck ដែរ។

ឡាន Model Y Juniper នៅពេលសាកភ្លើងពេញអាចបើកបរបានចម្ងាយជាង ៧១៩គីឡ រួមជាមួយនឹងការរចនាសំបកកង់ថ្មីទំហំ ១៩អ៊ីញ និងទំហំ ២០អ៊ីញ ដែលផ្តល់ឲ្យការបើកបរកាន់តែរលូន និងឆ្ងាយជាងមុន ខណ:ការបង្កើនល្បឿនក៏ត្រូវបានកែលម្អ និងបំពាក់ថាមពលថ្មធំជាងមុន រួមទាំងកម្លាំងស្ទុះអាចជាន់បានពី ០ដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៣វិនាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា ឡាន Tesla Model Y ធម្មតា បានក្លាយជាឡានអគ្គិសនីលក់ដាច់បំផុតនៅលើទីផ្សារប្រទេសចិនក្នុងឆ្នាំ២០២៣ និងនៅទូទាំងពិភពលោក។ ប៉ុន្តែក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ Tesla Model Y បានបាត់បង់តំណែងលេខ១របស់ខ្លួន ទៅឲ្យឡាន BYD Qin Plus ដែលជាឡានអគ្គិសនីលក់ដាច់ច្រើនជាងគេបំផុតនៅចិន។

យោងតាមគេហទំព័រ China EV DataTracker បានបង្ហាញថា ក្រុមហ៊ុន Tesla លក់ដាច់ឡានអគ្គិសនីសរុបបានចំនួន ៤១៨,៤២៨គ្រឿងនៅចិន គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ដូច្នេះហើយ ទើប Tesla ប្រញាប់ប្រញាល់ចេញលក់ឡានអគ្គិសនីម៉ូដែលថ្មីនៅក្នុងទីផ្សារប្រទេសចិន មុនពេលវាយលុកទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner