ក្នុងឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ ចាត់ការសំណុំរឿងគ្រឿងញៀនរួចរាល់ជាង ២ម៉ឺន ឬ ស្មើជិត ៩០ភាគរយ
(ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀន ទាំងចាស់ទាំងថ្មី ដែលមានចំនួន ២៤ ៦៥១ ត្រូវបាន តុលាការទូទាំងប្រទេសចាត់ការរួចរាល់បានចំនួន ២២ ០២២ ។ នេះបើតាម ឯកឧត្តម សេង ឌីណា មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្តម សេង ឌីណា ឱ្យដឹងថា៖សម្រាប់ សំណុំរឿងគ្រឿងញៀននេះ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាស ព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅគ្រប់ដំណាក់កាលនៃនីតិវិធី របស់អយ្យការ និងតុលាការ ដើម្បីបញ្ចៀសបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្ត និងម្យ៉ាងទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ ពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារណជន។
មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងថា”ចំណាត់ការសំណុំរឿង គ្រឿងញៀន ត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថា មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងគ្រឿងញៀន”។
ឯកឧត្តម សេង ឌីណា បានថ្លែងផងថា៖ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព របស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ, គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងចៀសវាងនូវរាល់សកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងលើកទឹកចិត្តឱ្យបន្តផ្តល់កិច្ចសហការ រាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ពីសំណាក់សាធារណជន បណ្តាញសារព័ត៌មាន ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងគ្រឿងញៀននេះ៕
ដោយ ៖ ម៉ាដេប៉ូ