Biden ៖ ការស្តារឡើងវិញពីភ្លើងឆេះព្រៃ ត្រូវការរាប់សិបពាន់លាន
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ជិតផុតអាណត្តិ លោក Jo Biden បានអះអាងថា ការកសាងឡើងវិញ ពីភ្លើងឆេះព្រៃ រីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងទីក្រុង Los Angeles នឹងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ។
ក្នុងសន្និសីទខ្លីមួយ ជាមួយមន្ត្រីសង្គ្រោះបន្ទាន់ កាលពីថ្ងៃច័ន្ទ លោក Jo Biden បានមានប្រសាសន៍ថា ការកសាងឡើងវិញ បន្ទាប់ពីភ្លើងឆេះ ដែលបានបន្សល់ទុកសង្កាត់មួយចំនួន នៅ Los Angeles ឆេះខ្ទេចខ្ទីអស់ កាលពីសប្តាហ៍មុន នឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅរាប់សិបពាន់លានដុល្លារ។
ប្រធានាធិបតីអាមេរិកលោក Joe Biden ថា «វានឹងត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារដើម្បីយកទីក្រុង Los Angeles មកវិញ នៅកន្លែងដែលមានភ្លើងឆាបឆេះ»។
គួរបញ្ជាក់ថា Los Angeles ដែលជាទីក្រុងធំបំផុតរបស់ រដ្ឋកាលីហ្វ័រញ៉ាមួយនេះ កំពុងទប់ទល់នឹងការវិលត្រឡប់មកវិញ នៃខ្យល់បក់ខ្លាំង ដែលគំរាមកំហែង បង្កឲ្យមានភ្លើងឆាបឆេះ បន្ថែមទៀត បន្ទាប់ពីភ្លើងឆេះព្រៃ រាលដាលដល់ផ្ទះសម្បែង និងអគារជាច្រើនទៀត បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៤នាក់រួចមកហើយ គិតត្រឹមថ្ងៃអាទិត្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត