កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

បរទេស ៖ ទីក្រុងសេអ៊ូលបានឲ្យដឹងថា ទាហានកូរ៉េខាងជើង ចំនួន៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ផ្សេងទៀត រងរបួស នៅប្រទេសអ៊ុយក្រែន។

សមាជិកសភាកូរ៉េខាងត្បូងម្នាក់ បាននិយាយ កាលពីថ្ងៃចន្ទ ដោយដកស្រង់ព័ត៌មាន ពីទីភ្នាក់ងារចារកម្ម របស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើង ប្រហែល ៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ បានរងរបួស ខណៈពេលដែលកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមសន្និសីទខ្លីមួយ ជាមួយទីភ្នាក់ងារចារកម្មថា «ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានពង្រីកដើម្បីរួមបញ្ចូលកម្លាំងប្រយុទ្ធនៅតំបន់ Kursk ជាមួយនឹងការប៉ាន់ស្មាន ពីចំនួនអ្នកស្លាប់ និងរបួស»។

យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និង រុស្ស៊ី មិនធ្លាប់បាននិយាយថា ពិតជាមានវត្តមានទាហានកូរ៉េខាងជើង ធ្វើសង្គ្រាម នៅទីនោះឡើយ មកដល់ពេលនេះ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្ត ដូចជា កូរ៉េខាងត្បូង ព្រមទាំង អ៊ុយក្រែន សុទ្ធតែអះអាងថា ទ័ពកូរ៉េខាងជើងរាប់ម៉ឺននាក់ កំពុងជួយកងទ័ពរុស្ស៊ី ធ្វើសង្គ្រាម នៅទីនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner