ប្រធានណាតូ ៖ អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព
បរទេស ៖ ប្រធានអង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO លោក Mark Rutte បាននិយាយថា អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព នៅពេលនេះទេ។
លោក Rutte បានប្រាប់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃចន្ទថា «នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិនមានជំហររឹងមាំ សម្រាប់ការចរចាទេ..យើងត្រូវធ្វើបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរគន្លងនៃជម្លោះ អាចកើតមាន»។ ប្រធានអង្គការណាតូ រូបនេះ បានព្រមានថា កិច្ចព្រមព្រៀងមិនទាន់ល្អគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន មានមោទនភាព ដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម។
លោក Rutte បាននិយាយទៀតថា «យើងទាំងអស់គ្នាចង់ឲ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែ សំខាន់ជាងនេះទៀត គឺយើងចង់ឲ្យសន្តិភាព ស្ថិតស្ថេរ»។ លោកបន្តថា អ៊ុយក្រែនត្រូវការជំនួយបន្ត មានអាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ អ៊ុយក្រែន អាចការពារខ្លួនបាន ប្រសើរជាងមុន ជាមួយនឹងការចរចាកិច្ចព្រមព្រៀង ដ៏ល្អ សម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និង សម្រាប់ពិភពលោក»។
លោក Rutte បានរំលឹកឡើងវិញ នូវការទទូចរបស់លោកថា អឺរ៉ុបត្រូវការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន យ៉ាងច្រើនជាពិសេស ព្រោះនេះគឺជាតម្រូវការសំខាន់ ពីលោក Trump អនាគតប្រធានាធិបតីអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត