ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ឆ្នាំ២០២៥ ការរៀបចំនឹងល្អជាងរដូវកាលទី១ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសិទសារព័ត៌មាន និងប្រជុំចាប់ពូល នៃពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២ ប្រចាំឆ្នាំ២០២៥ នាល្ងាចថ្ងៃទី១៣ ខែ មករា នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ ប្រចាំឆ្នាំ២០២៥ ដែលគ្រោងធ្វើពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី១៦ មករា ឆ្នាំ២០២៥ខាងមុខនេះ ការរៀបចំនឹងល្អជាងរដូវកាលពី១ ក្នុងឆ្នាំ២០២៤ ខណៈការត្រៀមខ្លួនគឺនឹងរៀបចំឱ្យល្អ ទាំងការចូលរួមលេងរបស់ក្រុមកីឡាបាល់ទាត់មន្រ្តីក្រសួមមហាផ្ទៃ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ ឆ្នាំ២០២៥នេះ បានរៀបចំឡើង ក្នុងគោលបំណងចម្បង គឺដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យ កីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។ ក្រៅពីគោលដៅសំខាន់ៗនេះ ក៏ជាការពង្រឹងសមត្ថភាពកីឡាដល់មន្រ្តីកងកម្លាំងដែលជាអ្នកអនុវត្តច្បាប់ ដើម្បីឈានទៅចូលរួមការប្រកួតនានាលើឆាកអន្តរជាតិប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តមរដ្ឋលេខាធិការ រំពឹងជឿជាក់ថា ការប្រកួតនៅរដូវកាលទី២នេះនឹងកាន់តែមានការយោគយល់អធ្យាស្រ័យគ្នា និងជំរុញឱ្យកីឡាករគ្រប់ក្រុមទាំងអស់កាន់តែយល់ពីច្បាប់ល្បែងបាល់ទាត់ ព្រមទាំងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងន័យបង្កើនសុខភាព និងស្មារតីមិត្តភាព សាមគ្គីភាព។
ឯកឧត្តម សរ សិទ្ធិ សង្កត់ធ្ងន់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្លឹបបាល់ទាត់នីមួយៗ ស្របតាមអនុសាសន៍ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជំនួសមុខឱ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមការប្រកួត ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់អនុសាសន៍ និងបានផ្តល់នូវការគាំទ្រ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍កីឡានេះឡើង។
សូមជម្រាបថា ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥នេះ មានការចូលរួមពីបណ្តាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា សរុប ១៣ក្លឹប ដោយចែកចេញជា៤ពូល ក្នុងនោះ ៣ពូលមាន ៣ក្រុមស្មើៗគ្នា ខណៈពូល D មាន៤ក្រុម។ ចំពោះកម្មវិធីប្រកួត គឺត្រូវចាប់ផ្តើមពិធីបើក នៅថ្ងៃទី១៦ ខែមករា និងកម្មវិធីបិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយពិធីបើក និងពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយឡែកការប្រកួតនានាធ្វើឡើងនៅទីលានបាល់ទាត់ វិទ្យាល័យបឹងត្របែក ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ