ក្រុមហ៊ូទីបាញ់មីស៊ីលលឿនជាងសំលេងវាយប្រហារអ៊ីស្រាអែល

សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅប្រទេសយេម៉ែន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានចេញមុខទទួលខុសត្រូវ ចំពោះការបាញ់មីស៊ីលលឿនជាងសំលេងវាយប្រហារលើទីក្រុង តែល អាវីវ របស់ប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់-ម៉ាស៊ីរ៉ា ធីវី ថា យើងបានអនុវត្តប្រតិបត្តិការយោធាមួយ ដែលសំដៅលើគោលដៅសំខាន់របស់អ៊ីស្រាអែលនៅទីក្រុង តែល អាវីវ ដោយប្រើមីស៊ីលផ្លោងលឿនជាងសំលេង។

លោក សារៀ បានគូសបញ្ជាក់ថា ប្រតិបត្តិការយោធានេះសម្រេចបាននូវគោលដៅដោយជោគជ័យ ហើយថា ក្រុមរបស់លោកក៏បានធ្វើការវាយប្រហារដោយប្រើយន្តហោះដ្រូនចំនួន ៤គ្រឿង និងបានកំណត់គោលដៅសំខាន់ៗនៅក្នុងទីក្រុងតែល អាវីវ។

លោក សារៀ បានប្តេជ្ញាថា ការវាយប្រហាររបស់ក្រុមលោកប្រឆាំងអ៊ីស្រាអែល នឹងបន្តរហូតដល់ការឈ្លានពានលើតំបន់ហ្កាហ្សាស្ទ្រីបបញ្ឈប់។ នៅព្រឹកថ្ងៃចន្ទដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីល ដែលបានបាញ់ចេញពីប្រទេសយេម៉ែន ដែលបានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅឯអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុងតែល អាវីវ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមឧទ្ទាមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះដ្រូនលើអ៊ីស្រាអែល និងរំខានដល់ការដឹកជញ្ជូនទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅសមុទ្រក្រហម ដែលនេះជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះនៅហ្កាហ្សា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner