រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ និងអំពាវនាវឱ្យកសិករដាំដុះស្រូវសែនក្រអូបវិញ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាមួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែ ប្រភេទស្រូវ OM (ស្រូវស្រាល)ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ ។
ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ ថាប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ែ ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់ ។ ចំពោះស្រូវដែលធ្វើលក់ OM នេះដែរ ដោយសារកសិករ ធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អ៊ីចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម ។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះ គឺមានមនុស្សតិចតួចទេដែលបានដឹង ។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ៖”ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់ ។ ជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ”។
ឯកឧត្តម ឌិត ទីណា ថ្លែងដែរថា សម្រាប់ស្រូវប្រាំងពេលនេះមានបញ្ហាដោយសារយើងសម្រុកធ្វើចង់ចំណេញច្រើន បើតាមស្ថិតិការធ្វើស្រូវប្រាំងឆ្នាំនេះ គឺជាង ៧០ម៉ឺនហិកតា ក្នុងទំហំការដាំដុះជាង ៧០ម៉ឺនហិកតានេះទម្រាំយើងប្រមូលផលគឺជិត ៥លានតោន ។ សម្រាប់ជិត ៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អ៊ីចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះបើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះសុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង ។ អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះមិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់ ។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាម OM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថាស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន ។
ឯកឧត្តមរដ្ឋមមន្រ្តីបានថ្លែងដោយបញ្ជាក់ថាសម្រាប់ស្រូវប្រភេទអង្ករខ្មែរយើងអាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវក្នុងស្រុករបស់យើងគេត្រូវការស្រូវប្រភេទបែបនេះសម្រាប់តម្រូវតាមទីផ្សារ។ដោយឡែកសម្រាប់ប្រភេទស្រូវ OM ដូចយើងដឹងស្រាប់ហើយគឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្តួតគឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្រ្តីរបស់យើងបានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូបក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវ OM វិញ ។ យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើអាស្រ័យតាមពួកគាត់ដោយក្នុងនេះបើគាត់ត្រូវការទឹកយើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថាបញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចង់រដូវកាលប្រមូលផល ។
ឯកឧត្តម ឌិត ទីណាបានថ្លែងបញ្ជាក់បន្ថែមថា”អញ្ចឹងយើងត្រៀមជួយទៅតាមលក្ខខណ្ឌមួយចំនួន តែយ៉ាងណាយើងក៏មិនអាចជួយឱ្យដូចស្រូវខ្មែរយើងដែលមានទីផ្សារ ស្រាប់ដូចសព្វថ្ងៃនេះបានដែរ។យ៉ាងណាក្រសួងក៏គិតគូជួយរយៈពេលវែង ហើយក៏ចង់ពិភាក្សាជាមួយប្រជាកសិករផងដែរដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ក្នុងនេះចង់សួរថាបងប្អូនយើងចង់ក្លាយខ្លួនជាសហគមន៍ទំនើបដែរឬក៏អត់ សម្រាប់សហគមន៍កសិកម្មទំនើបនេះយើងនឹងជួយដល់បងប្អូនប្រជាកសិករយើង ឱ្យត្រឡប់មកធ្វើស្រូវសែនក្រអូប។ឆ្នាំនេះបងប្អូនខាតជាមួយស្រូវ OM ហើយពិសេសអ្នកដែលជួលដីគេធ្វើស្រូវទាំងនេះគឺដឹងតែខាតហើយ តែសម្រាប់អ្នកមិនបានជួលដីគេទេ គឺអាចទប់ទល់ និងអ្នកដែលមានប្រភពទឹកល្អថែមទៀតអាចចំណេញខ្លះៗបាន។ ប៉ុន្តែបើរដូវថ្មីពួកគាត់ចូលរួមជាមួយសហគមន៍កសិកម្មទំនើប គឺពួកគាត់មិនចាំបាច់ចំណាយលើស្រូវថ្មីទៀតទេ។ដោយក្នុងនេះមានន័យថាក្រសួងកសិកម្មនឹងផ្តល់នូវកម្ចីដល់កសិករក្នុងការធ្វើស្រែតែម្តង។ខ្ចីហើយកសិករដាំដុះ នៅពេលប្រមូលផលហើយទើបកាត់ថ្លៃកម្ចីទាំងនេះសងដល់ក្រសួងវិញនោះយើងនឹងឃើញប្រាក់ចំណេញតែម្តង។អត់មានខាតទេ លើកលែងតែអាកាសធាតុអាក្រក់រាំងស្ងួតខ្លាំង តែក៏មានដល់ថ្នាក់បែបនេះដែរ ។
បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា៖ពេលនេះសហគមន៍កសិកម្មទំនើបមានដើមទុនឱ្យកសិករខ្ចីដោយកសិករមិនព្រួយបារម្ភពីការគ្មានទុនសម្រាប់ដាំដុះស្រូវទៀតទេ។ការធ្វើកសិកម្មនេះដែរបើឱ្យខាតគឺមិនខាតទេគ្រាន់តែចំណេញតិចឬច្រើនប៉ុណ្ណោះ។ពេលដែលយើងធ្វើម្នាក់ឯងពេលខ្លះចំណេញក៏ចំណេញកប់ក្តោង តែនៅពេលខាតក៏ខាតធ្ងន់ដែរ។សម្រាប់នៅខែវស្សាក្រោយយើងធ្វើផ្ការំដួលទាំងអស់គ្នា ក្រសួងត្រៀមថវិការសម្រាប់ជួយសហគមន៍កុំឱ្យពិបាកដាក់លុយខ្លួនឯង គ្រាន់តែនៅពេលលក់វិញត្រូវកាត់សងកម្ចីហ្នឹងមកវិញ៕
ដោយ ៖ ម៉ាដេប៉ូ