ព្រឹទ្ធសភា អនុម័តសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ដើម្បីធានាការអនុវត្តមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
(ភ្នំពេញ)៖ ព្រឹទ្ធសភា បានពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៩រូប ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អនុលោមតាមប្រការ ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកាព្រឹទ្ធសភា ចំនួន ២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំ បទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្រប ទៅនឹងតួនាទីរបស់ព្រឹទ្ធសភាដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន»។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នា ពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័ស នូវទំនាក់ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ច សង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយ របស់ព្រឹទ្ធសភានីតិកាលទី៥។
តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងសហការី។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ការអនុម័តបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ ក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្រ្តកម្ពុជាយើង ដោយហេតុថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កាលពី៤០ ឆ្នាំមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ ៣២ឆ្នាំ (ជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា) ។
សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងអង្គប្រជុំ ជាវិសាមញ្ញទាំងមូល បានសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងពិតជាមានមោទនភាពបំផុត ដែលបានបំពេញការងារក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ