សម្តេចតេជោ ហ៊ុន សែន៖ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំ ដែលសភាបោះឆ្នោតឱ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ១៩៨៤។

សម្តេចតេជោបានបន្តថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ ដល់ខែមិថុនា១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥)។

សម្តេចតេជោបានបញ្ជាក់ថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផងដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះ គឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕
ដោយ៖ពលជ័យ

ads banner