ត្រឹម២០ថ្ងៃ សួនកម្សាន្តទឹកកកដ៏ធំបំផុតរបស់ពិភពលោក ទាក់ទាញភ្ញៀវជាង ១លាននាក់
ប៉េកាំង ៖ Harbin Ice-Snow World ដែលជាសួនកម្សាន្តទឹកកក និងព្រិលដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រទេសចិន បានស្វាគមន៍ភ្ញៀវទេសចរជាង ១លាននាក់ ក្នុងរយៈពេលត្រឹមតែ ២០ថ្ងៃបន្ទាប់ពីការបើក។
គិតត្រឹមម៉ោង១០យប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ សួនកម្សាន្តនេះបានទទួលអ្នកទស្សនាសរុបចំនួន ១.០៣លាននាក់ ចាប់តាំងពីវាបានបើកដំណើរការនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។
តួលេខនេះបានបង្កើតកំណត់ត្រាខ្ពស់ សម្រាប់ទឹកដីអច្ឆរិយៈរដូវរងាប្រចាំឆ្នាំនេះ ដែលបានធ្វើឱ្យភ្ញៀវមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២៦ឆ្នាំ។
Harbin ដែលជាបេះដូងនៃខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន បានក្លាយទៅជាគោលដៅទេសចរណ៍រដូវរងាកំពូលមួយរបស់ប្រទេសចិន ដែលបានស្រូបទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
សួនកម្សាន្តទឹកកក និងព្រិល Harbin Ice-Snow World មានផ្ទៃដីទំហំ ១លានម៉ែត្រការ៉េ កើនឡើងពី ៨០០,០០០ម៉ែត្រការ៉េកាលពីឆ្នាំមុន។ ក្នុងនោះផ្ទៃដីទឹកកក និងព្រិលមានទំហំជាង ៣០០,០០០ម៉ែត្រគូបត្រូវបានប្រើប្រាស់ក្នុងការសាងសង់សួនកម្សាន្តនេះ។
ការរចនាសួននេះ រួមបញ្ចូលនូវធាតុផ្សំដែលត្រូវបានបំផុសគំនិតដោយកីឡា Harbin Asian Winter Games ឆ្នាំ 2025 ដែលគ្រោងនឹងបើកនៅក្នុងខែកុម្ភៈ ក៏ដូចជាពិធីបុណ្យនិទាឃរដូវនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករា។
យោងតាមស្ថិតិរបស់ការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុង Harbin បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ ទីក្រុងនេះទទួលបានភ្ញៀវទេសចរកើនដល់ ១៨.៦ភាគរយ ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងភ្ញៀវទេសចរបរទេសកើនឡើងដល់ ៤១.១ភាគរយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា