បារាំងគាំទ្រការតែងនិពន្ធ និងបង្កើតស្នាដៃរបស់យុវជនកម្ពុជា​តាមរយៈ​គម្រោង«ចតុ»

ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាបានប្រកាសដាក់ ដំណើរការ ជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រ ដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមាន​ទេពកោសល្យនៅក្នុង​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​បានឱ្យដឹងថា គម្រោង​នេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ហើយត្រូវអនុវត្តក្នុងភាព​ជាដៃគូជាមួយតួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈ​ពេលមួយឆ្នាំ។

តើអ្វីទៅជាគម្រោង”ចតុ”។តាមន័យនៃវចនានុក្រមខ្មែរបានពន្យល់ថា”ចតុ សំ.; បា.(ប. សំ) (ចតុរ៑) បួន (៤) ; បើរួមចូល​នឹងនាមនាមជាបទសមាស ត្រូវតម្រួ តតួអក្សរបន្ទាប់ជា ២ តួ តាមទំនងដែលគួរតម្រួតបាន : ចតុទ្ទិស, ចតុប្បាទ, ចតុម្មុខ (

ស្រដៀងគ្នានេះដែរ ស្ថានទូតបារំាងបានគូសរំលេចថា គម្រោង «ចតុ» មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារី​កម្ពុជាដែល​មានទេពកោសល្យ ក្នុងវិស័យសំខាន់ៗចំនួន៤ គឺ៖ គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។
កម្មវិធីនេះផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ​ឧស្សាហ​កម្មវប្បធម៌ និងច្នៃប្រឌិត។

កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃ ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

លោកស្រី ហ្វាននី ប៉ាហ្គេស(Fanny Pagès) នាយិកាប្រតិភូ និងជាមន្ត្រីទទួល បន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំង​នៅកម្ពុជា មានប្រសាសន៍ថា «យើងដាក់ ឈ្មោះកម្មវិធីនេះថា ចតុ ដោយសារពាក្យនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និង​លើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថាបួន ហើយជាពាក្យដ៏ សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ជាក់ស្តែង ពាក្យនេះត្រូវបានប្រើ សំដៅលើ ទិសធំៗទាំងបួន សាលសន្និសីទចតុមុខដែលស្ថិតនៅចំណុច ប្រសព្វនៃទន្លេ ទាំងបួន ឬឈ្មោះប្រវត្តិសាស្រ្តរបស់រាជធានីភ្នំពេញជាដើម។ តាមរយៈ ឈ្មោះនេះ កម្មវិធីចតុស្ថិតនៅចំណុចប្រសព្វនៃ​វិស័យ​សំខាន់ៗបួន ដោយធ្វើឱ្យ វិស័យទាំងនោះមានទំនាក់ទំនងគ្នា និងផ្តល់ភាពសម្បូរបែប ឱ្យគ្នាទៅវិញ ទៅមក» ។

គម្រោង«ចតុ»មានគោលដៅសំខាន់ៗ៣គឺ៖ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាពនៅ​ក្នុងវិស័យវប្បធម៌ និងការរៀប ចំសិក្ខាសាលាកម្រិតតំបន់មួយ ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃ ប្រឌិត។
ការបណ្តុះ​បណ្តាលគឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ។ សិក្ខាកាមមកពីតំបន់ នានានឹងទទួលការបណ្តុះបណ្តាលដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមត្រូវ អនុវត្តជាក់​ស្តែង ដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈ ទៅតាម ជំនាញរៀងខ្លួន ដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍​តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំ ដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។

នៅចុងបញ្ចប់ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវនារីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។ ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហាជនស្គាល់ពួកគេកាន់តែច្បាស់ និងរួម ចំណែកយ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាល នៅកម្ពុជា។

ចំពោះដៃគូគម្រោង កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិតគំនូរជីវ ចលពីរឿងនិទាន ដោយសហការជាមួយ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ស៊ីប៉ា ការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គ ដោយសហការជា មួយ ផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តី ដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុ​ក៏ជួយ ជ្រោមជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗផងដែរ ដោយសហការជា មួយអង្គការសិល្បៈខ្មែរអមតៈ។ ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំង ដែល ក្រៅពីការបង្ហាត់បង្រៀន នឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។

ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបាន ជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាព​ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមាន​សញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោង សិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញ​ម៉ោងដឹកនាំ​ដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឲ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួច ក្នុងជំនាញនីមួយៗ។

សម្រាប់រយៈពេលវែង កម្មវិធី«ចតុ»មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយផ្តល់ដល់យុវជន ដែលមានទេព​កោសល្យ​នូវមធ្យោបាយចាំបាច់ ដើម្បី អភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជនកម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួមចំណែកលើកស្ទួយកិត្យានុភាពនៃ​ឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាង កម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេព កោសល្យកម្ពុជា។
បើយោងតាមស្ថានទូតបារាំងក្នុងមុខវិជ្ជាទាំងបួនក៏បានគ្រូជំនាញជាច្រើនរូបជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់ ។ក្នុងនេះទី១. គំនូរជីវចល បង្រៀនដោយ Simon Hureau និង Jean Louis Tripp,ទី២. ភាពយន្ត៖ Anna Ciennik, Goeffroy Grison និង Wim Vanacker,ទី៣.តន្ត្រី បង្រៀនដោយ Jean-Charles Bastion សម្រាប់តន្ត្រីអមរូបភាព, Amaury Crétois សម្រាប់រឿងនិទានជាសំឡេង, Anne Paceo និង Dorothée Hannequin សម្រាប់តន្ត្រីផ្សាយបន្តផ្ទាល់ និងតន្ត្រីថតទុកនិងទី៤.ផ្នែករាំ បង្រៀនដោយ​ Fouad Boussouf និង Emmanuèle Phuon៕


ដោយ៖មុនី
រូបភាព៖ស្ថានទូតបារំាងប្រចាំកម្ពុជា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner